(ភ្នំពេញ) ៖ កម្ពុជាគ្រោងសាងសង់អគារមួយដែលមានកម្ពស់៦០០ម៉ែត្រខណៈគម្រោងអគារពាណិជ្ជកម្មកម្ពស់៥៥០ម៉ែត្រមានទីតាំងនៅអតីតមណ្ឌលកម្សាន្ដឌ្រីមលែន ត្រូវបានពន្យារពេល ។
បើតាមការបញ្ជាក់ពីមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គម្រោងអគារកម្ពស់កប់ពពកថ្មីមួយនេះកំពុងផ្តួចផ្តើមសាងសង់ក្នុងទីក្រុងនាគរាជសម្តេចតេជោ ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ ។
លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលជាស្ថាបត្យករផ្តួចផ្តើមរៀបចំគម្រោងទីក្រុងនាគរាជសម្តេចតេជោ បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ៖ « តាមផែនការមេនៃទីក្រុងនាគរាជសម្តេចតេជោ យើងគ្រោងនឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពស់៦០០ម៉ែត្រមួយ សម្រាប់ប្រើប្រាស់ជាការិយាល័យកណ្តាលរបស់សម្តេចតេជោដែលលោកអាចត្រួតពិនិត្យមើលស្ថានភាព និងការអភិវឌ្ឍន៍ប្រទេសចេញពីអគារនេះបាន ព្រោះកម្ពស់៦០០ម៉ែត្រ គឺអាចមើលឃើញទូទាំងប្រទេសហើយ » ។
លោកបន្តថា ៖« អគារនេះនឹងសាងសង់នៅកណ្តាលទីក្រុងនេះ ពេលមានថវិកាគ្រប់គ្រាន់សម្រាប់រៀបចំ ហើយបច្ចុប្បន្នមានក្រុមហ៊ុនចិនមួយចំនួនកំពុងចាប់អារម្មណ៍ចូលរួមវិនិយោគក្នុងគម្រោងនេះហើយ » ។
លោកបន្ថែមថា ៖« ការសាងសង់ទីក្រុងនេះ ដើម្បីរំឭក និងដឹងគុណសម្តេចតេជោ ក៏ដូចជាបន្សល់ទុកមរតកសម្រាប់មនុស្សជំនាន់ក្រោយ ព្រោះរយៈពេល៥៨០ឆ្នាំហើយ យើងមិនដែលបានសាងសង់ទីក្រុងថ្មីទេ » ។
លោកសាស្ត្រាចារ្យ ភឿង សុភ័ណ្ឌ ដែលបានសញ្ញាបត្រស្មើគ្នានឹងសាស្ត្រាចារ្យវីរស្ថាបត្យករកម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ ផងដែរនោះបានថ្លែងទៀតថា ទីក្រុងនាគរាជសម្តេចតេជោ នឹងសាងសង់មជ្ឈមណ្ឌលអគារពាណិជ្ជកម្ម អគារស្នាក់នៅ និងមជ្ឈមណ្ឌលកម្សាន្ដនានាមានរូបរាងដូចនាគរាជ ដែលត្រូវនឹងឆ្នាំរបស់សម្តេចតេជោ ។
លោកបន្តថា ទីក្រុងនេះនឹងរៀបចំឲ្យមានកំពង់ផែ ដើម្បីភ្ជាប់សេវាកម្មដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិសម្តេចតេជោ ដែលនឹងរៀបចំឲ្យមាននៅក្នុងទីក្រុងនេះផងដែរ ។
ទីក្រុងនេះគ្របដណ្តប់លើផ្ទៃដីជាង៣ម៉ឺនហិកតា និងគ្រោងចំណាយទឹកប្រាក់វិនិយោគ៨០ពាន់លានដុល្លារអាមេរិក៕




0 comments