Monday, November 8, 2021

សម្តេចតេជោ ហ៊ុន សែន ប្រកាសកម្ចាត់អ្នកចង់ប្រើយុទ្ធសាស្ត្រ «ត្រីបក» លើក្តាអុកអាស៊ាន ទោះត្រូវចំណាយ «សេះ និងទូក» (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសចាត់វិធានការដោយគ្មានការលើកលែង ចំពោះជនទាំងឡាយដែលចង់ប្រើយុទ្ធសាស្ត្រ ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានប្រកាសដោយមុតមាំថា នឹងវៃខ្នោះក្រុមនេះ ទោះបីកំពុងប្រជុំអាស៊ានក៏ដោយ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាការបង្ហាញវត្តមានជាសាធារណៈក្រោយខកខានអស់រយៈពេលជាច្រើនខែ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា មានអ្នកគ្រោងរៀបចំយុទ្ធសាស្ត្រធ្វើបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាល នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២។ បើតាមសម្តេចតេជោ ហ៊ុន សែន យុទ្ធសាស្ត្រនេះ គឺគេធ្លាប់បានប្រើពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានកាលពីឆ្នាំ២០០២។ សម្តេចតេជោ ហ៊ុន សែន បានហៅយុទ្ធសាស្ត្រនេះ តាមក្បួនលេងអុកថា ជាយុទ្ធសាស្ត្រ «ត្រីបក» លើក្តាអុកអាស៊ាន។ ជាអ្នកពូកែលេងអុកមួយរូបនៅកម្ពុជាដែរនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តបតាមយុទ្ធសាស្ត្រអុកវិញថា សម្តេចមិនខ្លាចក្នុងការប្រើ «សេះ និងទូក» តាមកម្ចាត់ «ត្រី» នេះឡើយ។ ដើម្បីបង្ការបញ្ហាអុកឡុកណាមួយពីក្រុមប្រឆាំងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននោះ សម្តេចតេជោ បានព្រមានទុកជាមុនយ៉ាងដូច្នេះ «មានអ្នកកំពុងដាក់ចេញនូវយុទ្ធសាស្ត្រ ត្រីបកលើក្តាអុកអាស៊ាន។ ខ្ញុំសូមបញ្ជាក់ទោះបីខ្ញុំត្រូវចំណាយសេះមួយ និងទូកមួយ ក៏ខ្ញុំស៊ីអាត្រីបកហ្នឹងក្រវាត់ចោលដែរ។ ហ្អែងសាកមើលបើមិនត្រពាំងថ្លុង កំពុងតែប្រជុំអាស៊ានក៏ដោយ។ អត់មានអីពាក់ព័ន្ធគ្នាទេ កិច្ចការរបស់កម្ពុជា គឺកម្ពុជាធ្វើ អត់មានអាស៊ានមកលូកលាន់កម្ពុជាទេ»។ សូមបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធ។ សម្តេចតេជោ ហ៊ុន សែន បានទទួលញញួរដើម្បីធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះរួចរាល់ហើយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ។ នេះជាការទទួលធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នៅក្នុងតំបន់លើកទី៣ហើយសម្រាប់កម្ពុជា ក្រោយក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។ លើកទី១ នៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១២។ ក្នុងពេលទទួលញញួរអាស៊ាននោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមប្រជាជន និងជារាជរដ្ឋាភិបាលកម្ពុជា សម្តេចមានមោទនភាពយ៉ាងក្រៃលែង ក្នុងការទទួលតំណែងជាប្រធានប្តូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ២០២២នេះ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត។ ជាពិសេសជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌, រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ, និងសហគមន៍មួយ។ ជាមួយការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចការងារអាទិភាពចំនួន៣ ដែលកម្ពុជានឹងផ្តោតការយកចិត្តទុកដាក់។ ការងារអាទិភាពទាំងនោះរួមមាន៖ * សសរស្តម្ភនយោបាយ និង សន្តិសុខ៖ កម្ពុជានឹងយកចិត្តទុកដាក់ពង្រឹងមជ្ឈភាពអាស៊ាន និង ឯកភាពអាស៊ាន, ទាំងក្នុងយន្តការតំបន់ និង ទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ, ដោយឈរលើមាគ៌ា និង គោលការណ៍របស់អាស៊ាន ដូចមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន, សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ អាស៊ានក៏ត្រូវមានភាពធន់ និងរឹងមាំ ទប់ទល់បានពីសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងតែ កើនឡើង, បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម, ការប្រែប្រួលអាកាសធាតុ និង ជំងឺរាតត្បាត។ល។ ដើម្បីធានាដំណើរទៅមុខក្នុងសន្តិភាព, សន្តិសុខ និងវិបុលភាព។ * សសរស្តម្ភសេដ្ឋកិច្ច៖ កម្ពុជានឹងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវរាល់គំនិតផ្ដួចផ្តើម និងវិធានការ ដែលបានឯកភាពគ្នា និងទាញយកផលប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីស្តារកំណើនសេដ្ឋកិច្ចឱ្យបានឆាប់ ក្នុងពេលដែលយើង រស់ជាមួយនឹងកូវីដ-១៩ ក្នុងប្រក្រតីភាពថ្មី និងធានាឱ្យអាស៊ាននៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគ ប្រកបដោយភាពទាក់ទាញ និងជីវភាព ពិសេសតាមរយៈការជំរុញការតភ្ជាប់ទាំងរូបវន្ត និងឌីជីថល ការលើកកម្ពស់សមត្ថភាពរបស់សហគ្រាស ខ្នាតមីក្រូតូច និងមធ្យម (MSMEs) និងការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និង យុវជន ព្រមទាំង ការងារអាទិភាពផ្សេងទៀត ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងពង្រឹងសមាហរណកម្មតំបន់។ * សសរស្តម្ភសង្គម-វប្បធម៌៖ កម្ពុជានឹងជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការ ជាក់ស្ដែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួមរបស់ស្ត្រី និងយុវជន នៅក្នុងការរក្សា និង ក សាងសន្តិភាព និង ការអភិវឌ្ឍប្រព័ន្ធការពារសង្គមប្រកបដោយបរិយាប័ន្នផងដែរ។ អាទិភាពសំខាន់មួយទៀត គឺការជំរុញនូវការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន សំដៅពង្រឹងស្មាតីអត្តសញ្ញាណអាស៊ានតែមួយ។ ជារួម, កម្ពុជានឹងបន្តកៀរគរការគាំទ្រ និង កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅនៃការកសាង សហគមន៍អាស៊ានទាំងបី តាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ។ ជាមួយគ្នានេះ, យើងក៏នឹងជំរុញផងដែរ នូវដំណើរការរៀបចំទស្សនវិស័យសហគមន៍អាស៊ានសម្រាប់រយៈពេលក្រោយឆ្នាំ២០២៥៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...