Friday, November 12, 2021

TOP NEWS: កម្ពុជាចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការចំពោះទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ (Video inside)

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការចំពោះការទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ។ នេះបើតាម សេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ សេចក្តីថ្លែងការណ៍កម្ពុជា បានបញ្ជាក់ថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះអំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីកម្ពុជា ក្រោមការចោទប្រកាន់គ្មានមូលដ្ឋាន ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ»។ ប្រតិកម្មរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ បានដាក់ទណ្ឌកម្មដោយឯកតោភាគីលើ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដោយចោទថា ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ហើយថា ជាការអនុវត្តច្បាប់ Global Magnitsky។ ទណ្ឌកម្ម រួមមានទាំងការមិនអនុញាតឲ្យ ឧត្តមសេនីយ៍កម្ពុជាទាំងពីររួមទាំងក្រុមគ្រួសារសាច់ញាតិ ទទួលបានទិដ្ឋការចូលទៅកាន់សហរដ្ឋអាមរិកហើយ ទ្រព្យសម្បត្តិដែលមាននៅក្នុងសហរដ្ឋអាមេរិក ឬគ្រប់គ្រងដោយបុគ្គលទាំងពីររូបនេះ នៅសហរដ្ឋអាមេរិកនឹងត្រូវបង្កក និងត្រូវរាយការណ៍ជូនមកការិយាល័យ គ្រប់គ្រងអចលនទ្រព្យបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមរិកផងដែរ។ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា យុទ្ធនាការលាបពណ៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងបុគ្គលសាធារណៈនៃរដ្ឋអធិបតេយ្យមួយ មិនត្រឹមតែបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការមាក់ងាយទាំងស្រុងដល់ឯករាជ្យភាពនិងជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតផងដែរ។ «ការដាក់ទណ្ឌកម្មនេះ គឺជាការអនុវត្តផ្ទុយទៅនឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស (៤៦/៥) ដែលត្រូវបានអនុម័តក្នុងខែមីនា ឆ្នាំ២០២១ ហើយដែលបានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះការបន្តប្រើប្រាស់វិធានការដោយបង្ខិតបង្ខំជាឯកតោភាគីរបស់មហាអំណាចមួយចំនួន ជាឧបករណ៍ដាក់សម្ពាធលើប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ សំដៅរារាំងប្រទេសទាំងនោះមិនឱ្យអនុវត្តសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន»។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាតែងតែបង្ហាញនូវបំណងប្រាថ្នាចង់ឱ្យមានទំនាក់ទំនងកាន់តែរឹងមាំនិងជិតស្និទ្ធជាងនេះ ទោះបីជាមានអតីតកាលដ៏ឈឺចាប់ជាមួយសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ ក្នុងសប្តាហ៍នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការ «ធ្វើការរួមគ្នាជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ានបន្ទាប់»។ ក៏ប៉ុន្តែទណ្ឌកម្មដែលដាក់ចេញដោយមិនស្របច្បាប់នេះ គឺជាការបោះជំហានខុសទិសដៅមួយទៀតដែលងាកចេញទាំងស្រុងពីស្មារតីមិត្តភាព និងកិច្ចខិតខំប្រឹងប្រែងជាថ្មី ក្នុងការជំរុញភាពជាដៃគូប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ នៅក្នុងវិស័យមួយចំនួនដូចជា ពាណិជ្ជកម្មនិងការវិនិយោគ ការប្រយុទ្ធប្រឆាំងភេរវកម្ម បេសកកម្មរក្សាសន្តិភាព ការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន(POW/MIA) ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ អ្នកស្ម័គ្រចិត្ត Peace Corps ទំនាក់ទំនងប្រជាជន និងប្រជាជន និងបញ្ហាសំខាន់ៗក្នុងតំបន់នៃផលប្រយោជន៍រួម។ នេះមិនមែនជាលើកទី១ទេ ដែលសហរដ្ឋអាមេរិក បានចេញវិធានការដាក់ទណ្ឌកម្មចំពោះមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា ដោយឯកតោភាគី។ នាពេលកន្លងទៅសហរដ្ឋអាមេរិកក៏បានផ្សព្វផ្សាយចោទប្រកាន់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍ តំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ និងការសាងសង់ព្រលានយន្តហោះនៅតំបន់តារាសាគរ ខេត្តកោះកុងផងដែរ។ សហរដ្ឋអាមេរិក ក៏បានរករឿងចំពោះការវាយកម្ទេចអគារតូចមួយ ដែលខ្លួនជួយសាងសង់នៅតំបន់រាមផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...