Wednesday, August 26, 2020

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ទាត់ចោលព័ត៌មានថា រាជរដ្ឋាភិបាលបិទសិទ្ធិពលរដ្ឋមិនឲ្យជជែក ឬលើកឡើងពីបញ្ហាព្រំដែន

(ភ្នំពេញ)៖ បន្ទាប់ពីមានមតិមួយចំនួន ក៏ដូចជាវិទ្យុខ្លះ បានលើកឡើងដោយចោទប្រកាន់ បង្កាច់បង្ខូចមកលើរាជរដ្ឋាភិបាលកម្ពុជាថា បានបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការជជែក ឬលើកឡើងពីបញ្ហាព្រំដែនរបស់ជាតិ, អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលព័ត៌មាននោះ ដោយចាត់ទុកថាជាព័ត៌មានបំភ្លៃ។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ អង្គភាពអ្នកនាំពាក្យ បានបញ្ជាក់ជូននូវប្រសាសន៍ ក៏ដូចជាគោលជំហររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំប្រចាំឆមាសនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ថា «រឿងឈឺឆ្អាលនឹងព្រំដែន រឿងទៅមើលព្រំដែន រឿងស្រឡាញ់ទឹកដី គឺជារឿងដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនជារឿងខុសច្បាប់នោះទេ។ ប៉ុន្តែអ្វីដែលជារឿងអាក្រក់ ដែលយើងមិនអាចអត់ឱនឱ្យបាននោះ គឺការបំភ្លៃ ការមួលបង្កាច់ និងការញុះញង់ ដែលយកប្រធានបទព្រំដែនមកបំភ្លៃ មួលបង្កាច់ ញុះញង់ ក្នុងចេតនាលាក់លាមដ៏អាក្រក់ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺយើងត្រូវអនុវត្តច្បាប់។ ការមួលបង្កាច់ ការបំភ្លៃខុសពីការពិត ការញុះញង់វាមិនមែនជាសេរីភាពនៃការបញ្ចេញមតិ នៅក្នុងក្របខណ្ឌសង្គមប្រជាធិបតេយ្យនោះទេ គឺជាបទល្មើសជាក់ស្តែង»។ ទោះជាយ៉ាងនេះក្តី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់ចំពោះជនរួមជាតិទាំងអស់ ដែលបានយកចិត្តទុកដាក់ឈឺឆ្អាល ព្រួយបារម្ភពីបញ្ហាព្រំដែន ជាអាយុជីវិតនៃអធិបតេយ្យរបស់ជាតិ ដែលសរបញ្ជាក់ឱ្យឃើញពីមនសិកា ឆន្ទៈ ស្មារតីសាមគ្គីជាតិដ៏រឹងមាំ ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។ អង្គភាពអ្នកនាំពាក្យ ថែមទាំងគូសបញ្ជាក់ជូនជាថ្មីម្ដងទៀត អំពីការប្ដេជ្ញាចិត្តដ៏មុះមុតជាប្រវត្តិសាស្រ្ដខ្មែរ ដោយឥតងាករេនៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការពុះពារជំនះគ្រប់ឧបសគ្គ ដើម្បីបន្ដឆ្ពោះទៅសម្រេចឱ្យខាងតែបាន នូវគោលដៅជាយុទ្ធសាស្រ្ដរបស់ខ្លួន ក្នុងការកសាងបន្ទាត់ព្រំដែនកម្ពុជាជាក់លាក់មួយ រវាងប្រទេសជាមិត្តជិតខាង ជាពិសេសជាមួយមិត្តវៀតណាម ឱ្យមានភាពច្បាស់លាស់ត្រឹមត្រូវ តាមផែនទីដែលគូស និងបន្សល់ទុកដោយអាណាព្យាបាលបារាំង ឱ្យក្លាយទៅជាព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់ ក្នុងពេលបច្ចុប្បន្ន និងអនាគត៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...