Tuesday, November 23, 2021

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីបានយូរ ក៏ព្រោះតែសម្តេចមិនក្បត់រាជានិយម (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា មូលហេតុដែលសម្តេចបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បានយូរជាងនាយករដ្ឋមន្ត្រីមួយចំនួនទៀត ក៏ព្រោះតែសម្តេចមិនក្បត់ព្រះមហាក្សត្រ មិនក្បត់របស់រាជានិយម ជាពិសេសមិនក្បត់ប្រទេសជាតិ។ ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១C» ស្ថិតនៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលចំណាយថវិកា ក្នុងការសាងសង់ជិត៥៧លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ជុំវិញការបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី របស់កម្ពុជានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាល បានឱ្យដឹងថា សម្រាប់អ្នកស្រុកស្ទឹងត្រង់គិតមកជំនាន់របស់សម្តេចកាន់តំណែង គឺមានមនុស្សចំនួន៣នាក់ហើយ បានធ្វើនាយករដ្ឋមន្ត្រីរួមមាន៖ លោក អ៉ិន តាំ, លោក ហង្ស ធុនហាក់ បូករួមទាំងសម្តេចផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយនៅតំបន់នេះ ផលិតនាយករដ្ឋមន្ត្រីចំនួន៣នាក់រួចទៅហើយ នៅស្រុកហ្នឹង នាយករដ្ឋមន្ត្រី អ៉ិន តាំ នាយករដ្ឋមន្ត្រី ហង្ស ធុនហាក់ នាយករដ្ឋមន្ត្រី ហ៊ុ ន សែន ស្រុកហ្នឹងបង្កើតបាននាយករដ្ឋមន្ត្រី៣នាក់ ប៉ុន្តែនាយករដ្ឋមន្ត្ត្រី២រូប ក្បត់ម្ចាស់ អ៉ិន តាំ ព្រះករុណាគាំទ្រ (ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ) ឱ្យធ្វើចៅហ្វាយខេត្តតាំងពីកំពង់ចាម រហូតធ្លាក់ទៅដល់បាត់ដំបង ក្រោយមកធ្វើរដ្ឋមន្ត្រីមហាផ្ទៃ ជំនាន់ព្រះករុណា បន្ទាប់មកធ្វើរដ្ឋមន្ត្រី របស់ លន់ នល់ រួមចំណែកទម្លាក់ព្រះករុណាបិតា, ហង្ស ធុនហាក់ ក៏អញ្ចឹង ប៉ុន្តែ ហ៊ុន សែន អញ្ចឹងទេណាខុស អញ្ចឹងបាន ហ៊ុន សែន នៅបានយូរ អាហ្នឹងព្រោះខ្ញុំ អត់មានក្បត់ទៅណា គេផ្តួរព្រះករុណា កូនចៅអើយចូលព្រៃម៉ាក់គី ហ៊ុន សែន ទៅបាត់ អញ្ចឹងទេខ្ញុំអត់ត្រូវបណ្តាសាព្រះទេ»។ ទន្ទឹមនឹងនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តាំទៅក្រុមអ្នកប្រឆាំងមួយចំនួនតូចដែលតែងតែដាក់បណ្តាសាឱ្យសម្តេចឆាប់ស្លាប់ សូមមើលពីវង្សត្រកូលរបស់សម្តេចឱ្យច្បាស់ គឺសុទ្ធតែអ្នកដែលមានអាយុវែង។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា សម្ដេចនឹងកាន់តំណែងនាយករដ្ឋមន្រ្តី ទាំងបច្ចុប្បន្ន និងទៅអនាគត ដរាបណាប្រជាពលរដ្ឋ នៅតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងសម្ដេច។ នាឱកាសនោះដែរ នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានថ្លែងថា បើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ ទុកឱ្យព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដឹកនាំ មិនដឹងថា កម្ពុជារីកចម្រើនដល់ណានោះទេ? បន្ថែមពីនេះសមត្ថភាពកសាងនៅសម័យសង្គមរាស្ត្រនិយម គឺអស្ចារ្យណាស់។ តែសមិទ្ធផលកម្ពុជា មាននាពេលបច្ចុប្បន្ន គឺជាសមិទ្ធផលដែលទើបកើតមានក្រោយរបបខ្មែរក្រហម៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...