Monday, May 25, 2020

សហរដ្ឋអាមេរិក ព្រមានចិនជាថ្មី ជុំវិញច្បាប់សនិ្តសុខជាតិសម្រាប់ទីក្រុងហុងកុង

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O'Brien បានព្រមានជាថ្មីថា សហរដ្ឋអាមេរិក អាចនឹងលុបចោលលក្ខន្តិកៈពាណិជ្ជកម្មពិសេស សម្រាប់ទីក្រុងហុងកុង បើសិនជាចិន អនុម័ត ឬដាក់ឱ្យប្រើប្រាស់ច្បាប់សនិ្តសុខជាតិថ្មី លើដែនដីស្វយ័តមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។ ការព្រមានខាងលើរបស់លោក Robert O'Brien ធ្វើឡើងនៅក្នុងកម្មវិធី Face the Nation របស់ស្ថានីយទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យ ចំពេលទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ស្គាល់ភាពតានតឹងជាថ្មី និងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី អះអាងថាប្រទេស ទាំងពីរ បច្ចុប្បន្នហាក់ដូចជាកំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមត្រជាក់ថ្មីមួយ។ ថ្លែងនាឱកាសនោះ លោក O'Brien ក៏បានសង្កត់ធ្ងន់ផងដែរថាចិន កំពុងរំលោភ លើកិច្ចព្រមព្រៀងឆ្នាំ១៩៨៤ ដែលបានផ្ដល់ស្វយ័តភាពដល់ទីក្រុងហុងកុង រហូតដល់ឆ្នាំ២០៤៧។ ទីបឹ្រក្សាសន្តិសុខជាតិអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមើលមិនឃើញទាល់តែសោះថាហុងកុង អាចបន្តស្ថិតនៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី តទៅទៀត បើសិនជាចិនអនុម័ត និងដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាថ្មីលើទីក្រុងហុងកុង...ដែលនឹងក្លាយទៅជាសោកនាដកម្មមួយសម្រាប់ប្រជាជនហុងកុង និងជារឿងមិនល្អ សម្រាប់ចិនខ្លួនឯង»។ គួរបញ្ជាក់ថា កងកម្លាំងប៉ូលិសហុងកុង បានសម្រេចប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ ដែលប្រមូលផ្តុំគ្នាតវ៉ា ចំពោះគម្រោងរបស់ទីក្រុងប៉េកាំង ស្តីពីការចង់ដាក់ចេញនូវច្បាប់សន្តិសុខជាថ្មីលើទីក្រុងហុងកុង។ យោងតាមស្ថានការណ៍ កាលពីថ្ងៃអាទិត្យ ទៀតសោត អ្វីៗអាចនឹងវិលទៅរកភាពតានតឹងឡើងវិញ ក៏ថាបានដែរ ក្រោយបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលហុងកុង ស្ងប់ស្ងាត់មួយរយៈធំដោយសារការឆ្លងរាតត្បាតCOVID-19៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...