Wednesday, June 2, 2021

ហ្វីលីពីនសាទរសេចក្តីសម្រេចរបស់ WHO ដែលបានទទួលស្គាល់វ៉ាក់សាំងចិន Sinovac ជាផ្លូវការ

(ម៉ានីល)៖ លោក ហារី រ៉ូក (Harry Roque) អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានថ្លែងនៅថ្ងៃពុធនេះថា ប្រទេសហ្វីលីពីនសម្តែងក្តីសាទរ និងកោតសរសើរចំពោះ អង្គការសុខភាពពិភពលោក (WHO) ដែលបានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 កូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុនចិន Sinovac ជាផ្លូវការ ដោយហ្វីលីពីនផ្ទាល់ចាត់ទុកថា ជាការជំរុញឲ្យប្រជាជនខ្លួន កាន់តែមានទំនុកចិត្តខ្ពស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។ លោក ហារី រ៉ូក អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលើកឡើងយ៉ាងដូច្នេះថា «ឥឡូវនេះ... មិនត្រឹមតែរដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន (FDA) ប៉ុណ្ណោះទេដែលនិយាយថា វ៉ាក់សាំង Sinovac មានសុវត្ថិភាព និងប្រសិទ្ធភាព ប៉ុន្តែទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ (WHO) ក៏កំពុងបញ្ជាក់អះអាងអំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វាផងដែរ»។ គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមិថុនា (ពេលវេលានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស) អង្គការសុខភាពពិភពលោក (WHO) បានប្រកាសទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា CoronaVac របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac សម្រាប់ការប្រើប្រាស់ជាលក្ខណៈបន្ទាន់។ សម្រាប់ប្រទេសហ្វីលីពីន ដែលកំពុងរងគ្រោះដោយ COVID-19 ធ្ងន់ធ្ងរបំផុតលំដាប់លេខ ២ នៅតំបន់អាស៊ាន បានអនុម័តឲ្យប្រើវ៉ាក់សាំង Sinovac របស់ចិនតាំងតែពីដើមខែមីនា ឆ្នាំ២០២១ មកម្ល៉េះ។ គិតត្រឹមចុងខែឧសភាកន្លងទៅ ប្រទេសដែលមានប្រជាជនជាង ១១០លាននាក់មួយនេះ បានចាក់វ៉ាក់សាំងបង្ការ COVID-19 ជាង ៥លានដូសហើយ ជូនដល់ប្រជាជន ខណៈខ្លួនកំពុងជំរុញគោលដៅ ចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបានចំនួន ៧០លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២១៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...