Tuesday, April 21, 2020

សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវការពារ កុំឱ្យឆ្លងជំងឺកូវីដ១៩ ទោះមិនមានអ្នកឆ្លងថ្មី (Video inside)

(ភ្នំពេញ)៖ បើទោះបីជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះកម្ពុជាមិនមានអ្នកកើតមានជំងឺកូវីដ១៩ថ្មីយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែររួមគ្នាទប់ស្កាត់ និងបង្ការកុំឱ្យឆ្លងជំងឺកូវីដ១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវនៅលើទំព័រ Facebook នាព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០យ៉ាងដូច្នេះ «រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ធ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ១៩»។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកឱ្យប្រជាពលរដ្ឋយកជាប់តាមខ្លួនរាល់ពេលធ្វេីដំណេីរនូវម៉ាស ទឹកអាល់កុល និងជែលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។ សម្តេចតេជោ បានរំលឹកទៀតថា ត្រូវប្រេីម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលមិនដឹងថា តើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។ សម្តេចតេជោ បានសង្កត់ថា «យេីងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហេីយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច»។ សូមបញ្ជាក់ថា រយៈពេលប្រមាណជា ៩ថ្ងៃហើយ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះឡើយ។ មកដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១២២នាក់។ ក្នុងនោះព្យាបាលជា ១១០នាក់ ហើយអ្នកកំពុងព្យាបាលនៅសល់តែ ១២នាក់ប៉ុណ្ណោះ។ បើទោះបីកម្ពុជាមិនមានអ្នកឆ្លងថ្មី ហើយការព្យាបាលជាច្រើនយ៉ាងណាក្តី តែក្រសួងសុខាភិបាល នៅតែបន្តផ្តល់ដំបូន្មានដល់ប្រជាពលរដ្ឋបន្តរក្សាស្មារតីប្រុងប្រយ័ត្ន និងថែទាំសុខភាពឱ្យបានខ្ពស់តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។ ក្រសួងបានរំលឹកថា ជំងឺកូវីដ១៩នេះ មិនទាន់ផុតរលត់នៅឡើយទេ ខណៈប្រទេសជាច្រើនក្នុងតំបន់ និងលើពិភពលោក នៅតែរីករាលដាលស្រួចស្រាវនៅឡើយ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...