Wednesday, February 5, 2020

កម្ពុជា-UN ឯកភាពបន្តកិច្ចសហការ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០

(ភ្នំពេញ)៖ កម្ពុជា និងអង្គការសហប្រជាជាតិ (UN) បានឯកភាពបន្តកិច្ចសហការ ជាមួយគ្នាបន្ថែមទៀត ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០។ ការឯកភាពនេះបានធ្វើឡើងក្នុងជំនួបរវាងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកស្រី ប៉ូលីន ថាមេស៊ីស (Pauline Tamesis) អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងកិច្ចការនារី នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងជំនួបនោះលោកស្រី ប៉ូលីន ថាមេស៊ីស តំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានថ្លែងថា ឆ្នាំនេះ គឺជាខួបលើកទី៧៥ របស់អង្គការសហប្រជាជាតិ ដូចនេះអង្គការសហប្រជាជាតិ នឹងរៀបចំព្រឹត្តិការណ៍ជាច្រើន ធ្វើយ៉ាងណាដើម្បីសម្រេចបាននូវរបៀបវារៈ របស់អង្គការសហប្រជាជាតិ។ លោកស្រី ប៉ូលីន ថាមេស៊ីស បានបន្ថែមទៀតថា ឆ្នាំ២០២០នេះ នឹងមានព្រឹត្តិការណ៍ជាច្រើន ជាពិសេសផ្ដោតទៅលើការជំរុញ ការចូលរួមរបស់យុវជន ក៏ដូចជាការពិនិត្យឡើងវិញ ថាត្រូវធ្វើដូចម្តេច ដើម្បីសម្រេចគោលដៅ អភិវឌ្ឍន៍សហវត្សរ៍ ឆ្នាំ២០៣០។ លោកស្រី បានលើកឡើងថា ដូច្នេះយើងត្រូវរៀបចំ គំនិតនាវានុវត្តន៍ ឲ្យមានយុទ្ធសាស្ត្រថ្មីៗ ដើម្បីឆាប់សម្រេចបាន នូវគោលដៅ របៀបវារៈអង្គការអង្គការ សហប្រជាជាតិ និងពិភពលោក ឆ្នាំ២០៣០ ហើយរកវិធីសាស្ត្រណា ដើម្បីកាត់បន្ថយនូវចំណុច ដែលយើងមិនទាន់បានជោគជ័យ និងចំណុចដែលនៅមានអាទិ៍ភាពបន្តទៀត រួមចូលទាំង សមភាពយេនឌ័រ ការប្រែប្រួលអាកាសធាតុ និងការគាំពារសង្គម។ ស្របពេល ទិវាអន្តរជាតិនារី ជិតមកដល់នោះ លោកស្រី អ៊ឹង កន្ថាផាវី និងលោកស្រី តំណាងអង្គការសហប្រជាជាតិ ក៏បានពិភាក្សាគ្នា ថាតើសហការគ្នាយ៉ាងម៉េច ដើម្បីរៀបចំយុទ្ធនាការ អបអរសាទរទិវា៨មីនានេះ។ ក្នុងនោះ ភាគីទាំងពីរ បានជជែកទៅលើ ការរៀបចំយុទ្ធនាការឌីជីថល តាមបណ្ដាញសង្គមអ៊ីនធឺណិត, ការប្រគុំតន្ត្រីដែលមានតារាល្បី ហើយរំពឹងថា នឹងបានទៅដល់មនុស្ស២លាននាក់។ លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានអញ្ជើញលោកស្រី តំណាងអង្គការសហប្រជាជាតិ ដើម្បីថ្លែងចំណាប់អារម្មណ៍ ពាក់ព័ន្ធទៅនឹងវឌ្ឍនភាព និងការរីកចម្រើនផ្សេងៗ នៅក្នុងសាកលលោក តំបន់ និងកម្ពុជា នៅក្នុងទិវា៨មីនា ដែលគ្រោងនឹងធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី៦ ខែមីនា ខាងមុខនេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...