Wednesday, November 27, 2019

មន្ត្រីចិន១៩នាក់ប្រឈមមុខផ្លូវច្បាប់ ពាក់ព័ន្ធការបិទបាំងករណីឃាតកម្ម ក្រោយរកឃើញសាកសពកប់ក្នុងតារាងបាល់សាលារៀនកាលពី១៦ឆ្នាំមុន

(ប៉េកាំង)៖ មន្រ្តីរដ្ឋាភិបាលចិនសរុប ១៩នាក់កំពុងប្រឈមមុខការដាក់ទោស សម្រាប់ការបិទបាំងករណីឃាតកម្មមួយ ដែលកើតឡើងកាលពី ១៦ឆ្នាំមុន បន្ទាប់ពីសាកសពជនរងគ្រោះម្នាក់ ត្រូវបានរកឃើញកប់នៅក្រោម ទីលានលេងកីឡារបស់សាលារៀនមួយកន្លែង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជនរងគ្រោះនោះឈ្មោះថា តេង ស៊ីពីង (Deng Shiping) ហើយលោកមានតួនាទីត្រួតពិនិត្យលើដំណើរការសាងសង់ ទីលានលេងកីឡានៅសាលារៀនខាងលើ ដែលស្ថិតក្នុងទីក្រុង ហ្វៃហ័រ (Huaihua) នៃខេត្ត ហ៊ូណាន (Hunan) ភាគកណ្តាលប្រទេសចិន នៅពេលលោកបានបាត់ខ្លួនកាលពីឆ្នាំ២០០៣។ ករណីបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់លោក បានជាប់គាំងអស់រាប់ឆ្នាំ ដោយទើបតែមកដល់ខែមិថុនា ឆ្នាំ២០១៩ នេះប៉ុណ្ណោះ ដែលសាកសពលោកត្រូវបានគេរកឃើញ កប់នៅក្រោមទីលាននោះ។ គួរជម្រាបថា ក្នុងចំណោមមន្រ្តីចិនទាំង ១៩នាក់ គឺមានម្នាក់ឈ្មោះ ទូ សៅពីង (Du Shaoping) ដែលជាអ្នកទទួលបានកិច្ចសន្យា ក្នុងការសាងសង់ទីលានកីឡាខាងលើ។ ខណៈលោក Deng ជាអ្នកត្រួតពិនិត្យលើគុណភាពដំណើរការសាងសង់នៃគម្រោងនោះ ទំនាក់ទំនងរវាងអ្នកទាំងពីរគឺមិនល្អឡើយ។ លទ្ធផលស៊ើបអង្កេតបានបង្ហាញថា លោក Du និងបុរសម្នាក់ទៀតបានសម្លាប់លោក Deng កាលពីខែមករា ឆ្នាំ២០០៣ ហើយកប់សាកសព លោកចោលនៅក្រោមទីលានលេងកីឡា ដែលខ្លួនសាងសង់តែម្តង។ មន្រ្តីចិនទាំង ១៩នាក់ខាងលើរួមមានទាំងសមាជិក គណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំមូលដ្ឋាន មន្រ្តីរដ្ឋាភិបាល បុគ្គលិក និងនាយកសាលារៀន ព្រមទាំងប៉ូលិសជាដើម ដែលបានសហការផ្សំគំនិតគ្នា ដើម្បីបិទបាំងករណីឃាតកម្មនេះ។ ក្នុងនោះ ១០នាក់ កំពុងរង់ចាំការកាត់ទោសនៅតុលាការ រីឯ០៩នាក់ទៀតត្រូវប្រឈមនឹងការពិន័យ ដូចជាត្រូវដកតំណែងជាដើម៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...