Tuesday, October 22, 2019

លោក យ៉ែម ប៉ុញ្ញារិទ្ធ ប្រកាសមិនគាំទ្រផែនការផ្តួលរំលំរាជរដ្ឋាភិបាលរបស់ សម រង្ស៉ី ហើយបានហៅក្រុមទណ្ឌិត សម រង្ស៉ី ថា ជាក្រុមហិង្សា

លោក យ៉ែម ប៉ុញ្ញារិទ្ធ អតីតអ្នកនាំពាក្យ និងជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានថ្លែងថារហូតមកដល់ពេលនេះ លោក កឹម សុខា នៅតែប្រកាន់គោលការណ៍អហិង្សា ហើយដោះស្រាយបញ្ហាដោយសន្តិវិធី ក្រោមដំបូលខ្មែរតែមួយ ហើយលោកចាត់ទុកថា ការបង្កហិង្សា ដោយការប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលដោយក្រុមរបស់ លោក សម រង្ស៉ី គឺជាក្រុមហិង្សា និងរឿងបុគ្គលតែប៉ុណ្ណោះ។ លោក យ៉ែម បុញ្ញាឫទ្ធិ បានផ្តល់បទសម្ភាសដល់គេហទំព័រ The Cambodia Daily កាលពីថ្ងៃអាទិត្យកន្លងទៅនេះថា លោក កឹម សុខា តែងតែបញ្ជាក់ពីជំហររបស់លោក ដោយប្រកាន់គោលការណ៍ ទីក្រុងប៉ារីស គឺគោលការណ៍គោរពសិទ្ធិមនុស្ស និងគោលការណ៍អហិង្សា ដូច្នេះអ្វីដែលលោកតែងតែងលើកឡើង មានការបញ្ជាក់ជំហរ និងគោលដៅច្បាស់លាស់ គឺដោះស្រាយដោយសន្តិវិធី អហិង្សា ហើយរស់នៅក្រោមដំបូលខ្មែរតែមួយ។ លោកបន្ថែមថា «យើងមិនចង់មានការរើសអើង ផាត់ក្រុមនេះក្រុមនោះ មានឯងអត់អញ មានអញអត់ឯង មិនមែនជាទស្សនៈរបស់ លោក កឹម សុខាទេ»។ ការចេញមកបញ្ជាក់ជំហររបស់ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្ស សង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ លោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។ លោក យ៉ែម បុញ្ញឫទ្ធិ បានហៅសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនាពេលនេះ គឺអនុវត្តខុសនឹងគោលជំហររបស់គណបក្សដែលកំណត់រួមគ្នាតាំងពីដើមមក។ លោក បានបញ្ជាក់ថា «ជាជំហររបស់ (អតីត)គណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា ជាប្រមុខដឹកនាំ គឺយើងនៅតែរក្សាគោលការណ៍របស់គណបក្ស តាមអ្វីដែលយើងបានកំណត់ជាមួយគ្នាក្នុងការដឹកនាំ ដូច្នេះរឿងមួយដែលសំខាន់បំផុត ទាល់តែយើងជាថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក ក្រុមគាំទ្រ អនុវត្តគោលការណ៍របស់គណបក្សឱ្យបានពេញលេញ ហើយមុននឹងការផ្លាស់ប្តូរយុទ្ធសាស្រ្តអ្វីមួយ ទាល់តែមានការជជែកគ្នា ក៏ប៉ុន្តែទាំងអស់គ្នា រហូតមកដល់ពេលនេះ លោក កឹម សុខា នៅតែបញ្ជាក់ហើយបញ្ជាក់ទៀតថា គោលការណ៍របស់គណបក្សគឺអហិង្សា មិនយកខ្មែរណាជាសត្រូវ»។ លោកបានគូសបញ្ជាក់ថា «ចំពោះការដើរប្រាស់ចាកផុតឆ្ងាយពីគោលការណ៍គណបក្សសង្រ្គោះជាតិនោះ អាហ្នឹងចំពោះយើងខ្ញុំ វាជារឿងបុគ្គលទៅវិញទេ វាមិនពាក់ព័ន្ធអ្វីដែលជាគណបក្សទេ»។ ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...