(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រតិកម្មទៅនឹងការលើកឡើងរបស់ស្ថានទូតអាមេរិក អំពីទំនាក់ទំនងកម្ពុជា-ចិន។
លោកបានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា៖ «ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយបញ្ចេញដំណឹងក្លែងបន្លំ (Fake News) វាយប្រហារប្រទេសម្ចាស់ផ្ទះផង វាយប្រហារប្រទេសមួយទៀតដែលខ្លួនមានទំនាក់ទំនងស្ថានទូតជាមួយផង»។ «អ្នកវិភាគ នៅទីនេះ ខំបង្ហាញថា គឺពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកទេដែលបានបង្កើតការងារនៅស្រុកខ្មែរ តែគេ«ភ្លេច» បង្ហាញរឿងមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចផងដែរ នោះគឺទំហំវិនិយោគចូលមកក្នុងប្រទេសកម្ពុជាវិញតើមានប៉ុន្មាន ? យើងមានតែចង់កសាងទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស ពិសេសជាមួយសហរដ្ឋអាមេរិក តែមនុស្សខ្លះប្រឹងដុតកម្លោចទំនាក់ទំនងនេះ ព្រោះតែអគតិរបស់ខ្លួនទៅវិញ»។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងជាថ្មីទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន។ ក្នុងទំនាក់ទំនងនេះអាមេរិកបានអះអាងថា អ្នកដែលចំណេញខ្លាំង គឺប្រទេសចិន ចំណែកឯកម្ពុជាចំណេញតិចតួចប៉ុណ្ណោះ។
ក្រោយពីមានការរិះគន់ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសឆ្លើយតបទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញវិញដោយបានអះអាងថា សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាអុជអាល សារជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងបញ្ហាឱនភាពពាណិជ្ជកម្ម ព្រមទាំងលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងចិន មិនមែនត្រឹមតែដើម្បី ពាណិជ្ជកម្មនោះឡើយ ចិនបានជួយកសាង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនដល់កម្ពុជា ក្នុងនោះកសាងផ្លូវ Highways ចំនួន៣១ខ្សែ និងស្ពានចំនួន៨ ដែលមានប្រវែងសរុបជាង៣០០០គីឡូម៉ែត្រ និងស្ថានីយវារី អគ្គិសនីជាច្រើនទៀត។ ស្ថានទូតចិនបានចោទសួរទៅវិញថា តើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះនៅក្នុងប្រទេសកម្ពុជា?

0 comments