សៀមរាប៖ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយ លោក ឈិន ហាវ (CHEN HAO) លេខាធិការបក្សកុម្មុយនីស្តចិនខេត្តយូណាន់ នៃសាធារណរដ្ឋប្រជាមានិតចិន ខេត្តយូណាន់ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយប្រព្រឹត្តិទៅនៅ សណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។
គួរបញ្ជាក់ថា ខេត្តសៀមរាប និងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាភ្ជាប់ទំនាក់ទំនងមិត្តភាព ជាមួយគ្នាមានរយៈពេល ១៣ឆ្នាំមកហើយ គឺចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៦មក តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ដោយបានផ្តោតលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្រ្តសង្គម និងបច្ចេកវិទ្យា វប្បធម៌-សិល្បៈ អប់រំ កីឡា ទេសចរណ៍ កសិកម្ម រដ្ឋបាល...។ល។
លេខាធិការបក្ស បានស្នើសុំបន្តការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងសូមអញ្ជើញថ្នាក់ដឹកនាំ និងមន្រ្តីទៅទស្សនកិច្ចខេត្តយូណាន ដើម្បីជំរុញការអនុវត្តជាក់ស្តែងលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដោយសារខេត្តទាំងពីរមានបទពិសោធន៍ និងមូលដ្ឋានការងារជាច្រើនស្រដៀងគ្នា និងសូមអញ្ជើញគណៈប្រតិភូសៀមរាប ចូលរួមវេទិការទេសចរណ៍នៅខេត្តយូណាន់នាពេលខាងមុខនាឆ្នាំនេះ។
ចាប់ពីឆ្នាំ២០១៩តទៅ ខេត្តយូណាន់ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យមកធ្វើការព្យាបាលប្រជាពលរដ្ឋ និងបំពាក់សម្ភារៈ សុខាភិបាលមួយចំនួន ហើយសុំឱ្យបញ្ជូនក្រុមគ្រូពេទ្យខេត្តសៀមរាប ទៅសិក្សាវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅខេត្តយូណាន។
ចំពោះវិស័យអប់រំ ខេត្តយូណាន នឹងផ្តល់អាហារូបករណ៍ដល់និស្សិតដែលនៅខេត្តសៀមរាប អោយសិក្សានៅខេត្តយូណាន ដោយសព្វថ្ងៃ ខេត្តយូណាន មាននិសិត្សខ្មែរមួយចំនួន បាននឹងកំពុងសិក្សានៅខេត្តយូណាន៕


0 comments