Saturday, March 2, 2019

លិខិតមិត្តអ្នកអាន៖ «ការសម្ងំស្ងៀមមានន័យថា ទទួលស្គាល់ទង្វើរបស់លោក សម រង្ស៊ី!»

លោក មុត ចន្ថា មន្ត្រីជាន់ខ្ពស់ម្នាក់ខាងភាគី កឹម សុខានិយម បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖មានអ្នកនយោបាយខ្មែរ មួយក្រុមនិយមបង្កើតព្រឹត្តិការណ៍ឥតឈប់ឈរ ប្រើវោហា ចាក់ដោត ចងកំហឹង លាបពណ៌ ឆ្លើយឆ្លងនាំជម្លោះធ្វើឲ្យក្រុមមានអំណាចខឹងប្រឹងទប់ ឆ្លើយតបចោទ វ៉ៃបក រហូតឈប់ឆ្លើយ។ ឯក្រុមយើង មិនសូវ និយាយស្តី មិនឈ្លោះ មិនឆ្លើយ មិនឆ្លង មិនបង្ករឿង មិនមួលបង្កាច់ មិនលាបពណ៌ មិនចាក់ ដោត មិនយកខ្មែរណាធ្វើជាសត្រូវ ចង់ឲ្យមានការ បង្រួបបង្រួមជាតិ ខាំមាត់សង្កត់ចិត្ត នៅរួមរស់ជាមួយខ្មែរតាមគោលការណ៍អហិង្សា ខ្មែរតែមួយ បែរជាមានអ្នកខ្លះចាក់ដោតចង់ឲ្យយើងលោត ចោទយើងថាគ្មានគោលជំហរ សម្ងំស្ងៀម ចាំស៊ីឡាក…យើងសួរថា ចង់ឲ្យយើងទូងស្គរ បង្ក ជម្លោះដើម្បីដណ្តើមឈ្មោះយកឈ្នះចាញ់រវាងខ្មែរគ្នាឯងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិឬ?» បើតាមលោក មុត ចន្ថា ការរក្សាភាពស្ងៀមស្ងាត់គឺដើម្បីដោះស្រាយបញ្ហាខ្មែរនិងខ្មែរ។ ដោយសារសំណេររបស់លោក មុត ចន្ថា ទំនងជាការឆ្លើយតបនឹងការវិភាគរបស់អ្នកតាមដាននយោបាយតុកាហ្វេ ដូច្នេះ ខ្ញុំសូមតភាគជាមួយលោក មុត ចន្ថា បន្តិចចុះ។ ជាការពិតហើយការនៅស្ងៀមស្ងាត់របស់ក្រុមកឹម សុខានិយមជាការវិធីសាស្ត្រមួយដែរហើយក៍ជាការបញ្ជាក់ថាក្រុមរបស់ លោក មិនចូលរួមជាមួយលោក សម រង្ស៊ី ដើម្បីដុតកម្តៅបញ្ហា មិនញុះញង់ និងមិនចាក់ដោត មិនលាបពណ៌ដែលជាទស្សនៈមួយល្អ។ ប៉ុន្តែ ដូចលោក មុត ចន្ថា បានចោទសួរស្រាប់៖ «យើងសួរថា ចង់ឲ្យយើងទូងស្គរ បង្កជម្លោះដើម្បីដណ្តើមឈ្មោះ យកឈ្នះចាញ់ខ្មែរគ្នាឯងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិឬ?» សំណួរនេះសបញ្ជាក់ថា ក្រុម របស់លោកបានសម្រេចចិត្តខាំមាត់សង្កត់ចិត្តរក្សាភាពស្ងៀមស្ងាត់ដោយសារតែមិនដឹងធ្វើម៉េច? នេះគេហៅថា «ជាជំហរទាល់ច្រក ដេកចាំមើលសភាពការណ៍ ឬភាសា សាមញ្ញគេហៅថា ចាំដេកស៊ីឡាកនោះ »។ សូមលោក មុត ចន្ថា យល់អោយច្បាស់ថា ក្នុងពិភពនយោបាយ ការបន្តនៅស្ងៀមស្ងាត់ សុខចិត្តទ្រាំគ្រាំចិត្តនៅចំពោះមុខមនុស្សមួយក្រុមដែលជាសម្ព័ន្ធមិត្តក្លែងក្លាយ គឺជាជម្រើសដ៏កំសាក ហើយក៏គ្មានដំណោះស្រាយល្អសម្រាប់ក្រុម កឹម សុខានិយម និងក៏គ្មានដំណោះស្រាយសម្រាប់ជាតិដែរ។ ប្រសិនបើក្រុមកឹម សុខានិយមចង់ឲ្យមានដំណោះស្រាយជាតិ ចង់ផ្សះផ្សារជាតិចង់រក្សាផលប្រយោជន៍ជាតិ តាមគោលការណ៍អហិង្សា ចង់រួមរស់ជាមួយខ្មែរ ចង់ដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ ដោយសន្តិវិធីមែននោះ ក្រុមរបស់ លោកមិនត្រូវខាំមាត់សង្កត់ចិត្តនៅស្ងៀមស្ងាត់តទៅទៀតទេ ពោលគឺ ក្រុមរបស់លោកត្រូវប្រកាសជំហរមួយច្បាស់លាស់ ខុសពីជំហរលោក សម រង្ស៊ី ដែលលោកមុត ចន្ថា ពិពណ៌នាថា ជាក្រុមញុះញង់ ចាក់ដោត លាបពណ៌ បង្កជម្លោះ។ ការបន្តភាពសម្ងំស្ងៀមដោយគ្រាំទ្រូង នៅជាមួយក្រុមមនុស្សដែលខ្លួនមិនពេញចិត្តទាល់តែសោះគឺជា មនុស្សគ្មានជម្រើស ហើយលទ្ធផលដែលក្រុមសម រង្ស៊ី ធ្វើ នឹងធ្លាក់ទៅលើក្រុមរបស់ លោកដែរហើយ។ សម្ងំស្ងៀមមានន័យថា ក្រុមកឹមសុខានិយម ទទួលយកទង្វើរបស់លោក សម រង្ស៊ី, ទទួលយកការធ្វើបក្សប្រហារដណ្តើមអំណាចរបស់លោក សម រង្ស៊ី ដែល បំពានលក្ខន្តិកៈរបស់បក្ស, ទទួលយកការប្រមាថរបស់លោក សម រង្ស៊ី ទៅលើលោក កឹម សុខា រឿងភ្នាល់ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន, ទទួលយកការប្រមាថថាការជាប់គុករបស់លោកកឹម សុខា ជារឿងឥតប្រយោជន៍ និងទទួលយកនយោបាយញុះញង់ ចាក់ដោត បង្កជម្លោះ លាបពណ៌ ដែលជា នយោបាយបំផ្លិចបំផ្លាញជាតិ និងបំផ្លាញខ្លួនឯង។ ដូច្នេះ ប្រសិនបើក្រុមអ្នកកឹមសុខា និយមមិនពេញចិត្តជាមួយសកម្មភាពរបស់លោក សម រង្ស៊ី ក្រុមនេះត្រូវតែប្រកាសជំហរ របស់ខ្លួនជាបន្ទាន់ ហើយចាប់យកជម្រើសមួយដែលជា ទស្សនៈវិជ្ជារបស់ខ្លួន។ ក្នុងពិភពនយោបាយ គេមិនត្រូវរារែក ដេកចាំ លទ្ធផលធ្លាក់ពីលើ មេឃដោយមិនបានធ្វើអ្វីសោះនោះឡើយ។ គ្មានទេលទ្ធផល ដែលបានមកពីការដេកស្ងៀមដូចអ្នកឯកទេសផ្នែកវិទ្យាសាស្ត្រនយោបាយអាមេរីកបានសរសេរថា « There is no gain without pain «។ ការបន្តស្ថិតនៅក្នុងស្ថានភាពជា ចំណាប់ខ្មាំងបែបនេះ ក្រុមកឹម សុខានិយមអន់ជាងក្រុមរបស់ លោក សម រង្ស៊ី ទៅទៀតពី ព្រោះតែក្រុម កឹម សុខានិយម សុខចិត្តធ្វើជាចំណាប់ខ្មាំងរបស់លោក សម រង្ស៊ី។ តើពិតមែនដែរឬទេ? ខ្ញុំសូមជំរាបជូនលោក មុត ចន្ថា និងក្រុមកឹម សុខានិយមឲ្យជ្រាបថា ការប្រកាសជំហរផ្ទុយពីលោក សម រង្ស៊ី មិនមែនជាការប្រទូសរាយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិនោះទេ ផ្ទុយទៅវិញ គឺដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរទេតើ ពីព្រោះដូចលោក មុត ចន្ថា បានសរសេរអ៊ីចឹងថា អ្វីៗ ដែលលោក សម រង្ស៊ី និងបក្សពួកគាត់បានធ្វើគឺជា នយោបាយបំផ្លិចបំផ្លាញ។ ដូច្នេះ បើក្រុមលោកមិនចេញមុខការពារប្រយោជន៍ជាតិ មានតែទុកឲ្យក្រុមលោក សម រង្ស៊ី បន្ត បំផ្លាញជាតិតទៅទៀតរឺ? ពិតឬមិនពិតលោក មុត ចន្ថា? ម្យ៉ាងទៀត ការប្រកាសជំហរច្បាស់លាស់ ហើយចេញមុខរក ដំណោះស្រាយដោយសន្តិវិធី រវាងខ្មែរនិងខ្មែរគឺជាមធ្យោបាយល្អបំផុតហើយសម្រាប់ប្រទេសកម្ពុជាយើង។ មានតែមធ្យោបាយមួយនេះទេ ដែលអាចរក្សាបាននូវអធិបតេយ្យភាពជាតិខ្មែរ និងផលប្រយោជន៍ខ្មែរបាន។ដូច្នេះ តើមានមូលហេតុអ្វីដែល ក្រុមកឹម សុខានិយមមិនហ៊ានចេញមុខប្រកាសជំហរ នយោបាយរបស់ខ្លួន ប្រសិនបើ មិនដេកចាំស៊ីឡាកទេនោះ? បើសិនជាក្រុមកឹម សុខានិយមគិតថាខ្លាចក្រុមលោក សម រង្ស៊ី ចោទថាជាអ្នកបំបែកបំបាក់ក៏ជារឿងឆោតល្ងង់មួយដែរ ពីព្រោះអ្វីដែលលោកបានសរសេរ និងក្រុមកឹម សុខានិយមផ្សេងទៀតបាននិងកំពុងនិយាយ ឬ កំពុងគិត មានន័យច្បាស់លាស់រួចទៅហើយថា ជាការមិនចុះសម្រុងជាមួយលោក សម រង្ស៊ី ហើយបានទទួលការចោទ ប្រកាន់ និងលាបពណ៌ពីក្រុម លោក សម រង្ស៊ី រួចទៅហើយ។ តើពិតមែនដែរឬទេលោក មុត ចន្ថា និងក្រុមកឹម សុខានិយមទាំងឡាយ? ឥឡូវនេះ មានក្រុមកឹម សុខា និយមកាន់តែច្រើនឡើងៗហើយបានបញ្ចេញមតិជាចំហរដោយ សារមិនអាចទ្រាំទ្រតទៅទៀត បាន គ្រាន់តែពួកគេមិនទាន់ហ៊ានចេញមុខ។ អ្នកទាំងនោះចង់ផ្ញើសារទៅកាន់ក្រុមរបស់ខ្លួនថា ដល់ពេលហើយដែលត្រូវចេញមុខជាចំហររួមគ្នាដើម្បីប្រកាសជំហរនយោបាយរបស់ខ្លួន។ នេះជានិន្នាការល្អមួយនិងដល់ពេល ប៉ុន្តែ វានៅសល់តែការសម្រេចចិត្តរបស់មេក្រុមតែប៉ុណ្ណោះ។ ជួនកាល បើមេក្រុមមិនហ៊ានសម្រេច ហើយបើកូនក្រុមតឹង ចិត្តខ្លាំងពេក អាចកូនក្រុម សម្រេចដើរចេញពីមេក្រុមតែម្តងក៏ថាបានព្រោះតែពួកគេមិនអាចទ្រាំបាន៕ ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...