Thursday, February 21, 2019

ទស្សនៈមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី គ្មានភាពក្លាហានវិលចូលស្រុកតាមការសន្យា

ទណ្ឌិត សម រង្ស៊ី បានបង្ហាញភាពកំសាករបស់ខ្លួនជាចំហរ ដោយបានប្រកាសប្រាប់អ្នកគាំទ្រខ្លួនថា មិនភ្លើមកឲ្យគេចាប់ដាក់គុកដូច កឹម សុខា ឬចូលមកឲ្យគេសម្លាប់ដូច កែម ឡី ដែលទណ្ឌិតរូបនេះថា វាអត់ប្រយោជន៍ គ្មានបានការអ្វីទាល់តែសោះ! ដូចការវិភាគរបស់អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាប្រាកដមែន ទណ្ឌិតវ័យចំណាស់ចាញ់គ្រប់សមរភូមិនយោបាយតាំងពីប្រឡូកចូលនយោបាយជាង ២០ឆ្នាំមកនេះ បានបង្ហាញភាពកម្សោយ កំសាករបស់ខ្លួនក្នុងការដឹកនាំក្រុមប្រឆាំងជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងករណីប្រកាសអួតក្អេងក្អាងថា នឹងវិលចូលស្រុកវិញឲ្យទាល់តែបានតាំងតែពីមុនការបោះឆ្នោតឆ្នាំ២០១៨ ដែលខ្លួនបានរត់ចោលស្រុកតាំងពីឆ្នាំ២០១៥ មកនោះ ក៏នៅតែមិនព្រមវិលត្រឡប់មកវិញតាមការសន្យារបស់ខ្លួន ដោយយកលេសនេះ លេសនោះសព្វគ្រប់បែបយ៉ាង។ ដោយបានបន្ថែមទម្ងន់លើពាក្យសម្តីខ្លួនដើម្បីឲ្យអ្នកគាំទ្រជឿជាក់ទណ្ឌិត សម រង្ស៊ី បានបបួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់គ្នាដោយយកជីវិតនយោបាយគូកនខ្លួន គឺលោក កឹម សុខា ធ្វើជាដើមទុន។ លក្ខខណ្ឌរបស់ទណ្ឌិត សម រង្ស៊ី ថា នឹងមានការដោះលែងលោក កឹម សុខា នៅចុងខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរបំផុតនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ នៅពេលនោះលោក ហ៊ុន សែន នឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ក៏ប៉ុន្តែប្រសិនបើមិនមានការដោះលែងលោក កឹម សុខា ទេ លោក សម រង្ស៊ី ខ្លួនឯងសុខចិត្តចូលមកក្នុងស្រុកដើម្បីឲ្យគេចាប់ឃុំខ្លួនទន្ទឹមគ្នាជាមួយនឹងលោក កឹម សុខា ដែរ។ ភ្លាមៗនោះ អ្នកតាមដាននយោបាយនៅកម្ពុជាបានមើលឃើញលទ្ធផលជាមុនថា លោក ហ៊ុន សែន នឹងឈ្នះការភ្នាល់នេះដោយសារថា លោក កឹម សុខា កំពុងស្ថិតនៅក្នុងនីតិវិធីស៊ើបសួររបស់សមត្ថកិច្ចតុលាការ ដែលពុំទាន់ត្រូវបានកាត់ទោសនៅឡើយ បើដូច្នេះតើមានទោសឯណាដើម្បីនឹងលើកលែង ព្រោះថា រឿងរបស់លោក កឹម សុខា ត្រូវបានតុលាការចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេសស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ។ ទន្ទឹមគ្នានេះ គេបានមើលឃើញថាទណ្ឌិត សម រង្ស៊ី នឹងចាញ់ការភ្នាល់គ្នាលំដាប់ VVIP នេះ ហើយទណ្ឌិតរូបនេះ នឹងមិនមកតាមការសន្យារបស់ខ្លួនឡើយ។ បើតាមអ្នកវិភាគនយោបាយ មានមូលហេតុសំខាន់ៗចំនួន៤ ដែលធ្វើឲ្យទណ្ឌិតរូបនេះ ត្រូវស្លាប់ចោលឆ្អឹងនៅបរទេស ដាច់ខាតមិនវិលចូលស្រុកវិញទេ។ ទី១- ទោះ សម រង្ស៊ី ប្រកាសថា នឹងវិលចូលស្រុកវិញនៅឆ្នាំ២០១៩នេះក្តី តែមិនបានបញ្ជាក់ថ្ងៃខែឲ្យបានច្បាស់លាស់ពិតប្រាកដទេ។ ចំណុចនេះ សម រង្ស៊ី ទំនងជារង់ចាំមើល ថាតើអន្តរជាតិដែលមានសមាណចិត្តនឹងខ្លួននោះ អាចជួយខ្លួនបានកម្រិតណាក្នុងការដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងទៀត ការមិនដាក់ថ្ងៃខែច្បាស់លាស់នេះទៀតសោត គឺដើម្បីទុកផ្លូវក្រោយក្នុងការក្រឡាស់ពាក្យសម្តីទុកបកស្រាយប្រាប់អ្នកគាំទ្រខ្លួន។ ទី២- ក្នុងមួយឆាកជីវិតនយោបាយរបស់ សម រង្ស៊ី គឺធ្វើការក្រោមបង្គាប់បញ្ជាររបស់ប្រពន្ធ គឺលោកស្រីជូឡុង សូម៉ូរ៉ា ឬអាចនិយាយបានថា សម រង្ស៊ី ជាតេឡេ ចំណែកអ្នកបញ្ជារគឺ លោកស្រី ជូឡុង សូម៉ូរ៉ា។ ក្រុម សម រង្ស៊ី ពិតជាដឹងច្បាស់ថា នរណាជាអ្នកមានអំណាចពិតប្រាកដគ្រប់គ្រងលើ សម រង្ស៊ី នោះគឺភរិយាដ៏មហិមារបស់គាត់ ដែលជាអ្នកចាត់ចែងការងារក្នុងក្រុម និងក្រុមបក្ស។ ជីវិតជាប្តីប្រពន្ធដែលមានកូននិងចៅផងនោះតើ ជូឡុង សូម៉ូរ៉ា សុខចិត្តឲ្យ សម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញទាំងខ្លួនដឹងថាខ្នោះ និងគុករង់ចាំស្វាមីខ្លួនដែរឬទេ? ច្បាស់ណាស់ គឺ ជូឡុង សូមួរ៉ា មិនអាចឈរមើលស្វាមីខ្លួនត្រូវបានសមត្ថកិច្ចវាយខ្នោះ និងដេកគុកនៅកម្ពុជាឡើយ គឺសុខចិត្តឲ្យ សម រង្ស៊ី ដេកផ្ទះនៅស្រុកកំណើតទី២ របស់គាត់ឯស្រុកបារាំង ប្រសើរជាងមកជាប់គុកដ៏គ្មានប្រយោជន៍។ ទី៣- ក្នុងវ័យ ៧០ឆ្នាំ តើប្រាកដទេថា សុខភាពរបស់ សម រង្ស៊ី នៅល្អអាចធានាបានមកជាប់គុកនៅស្រុកខ្មែរ? មនុស្សអាយុប៉ុណ្ណេះទៅហើយ មិនមែនថា គ្មានជំងឺជាប់ខ្លួនឡើយ។ ទោះគ្មានជំងឺអ្វីធ្ងន់ធ្ងរក៏ សម រង្ស៊ី មានបញ្ហាជំងឺផ្លូវចិត្តដែលមានតាំងពីយូរមកហើយ មានគំនិតសងសឹកនឹងកម្ពុជា ដែលធ្វើឱ្យក្រុមគ្រួសារខ្លួនខ្ចាត់ព្រាត់ រត់ចោលស្រុក ក្រោយពីឪពុកខ្លួន សម សារី ក្បត់ជាតិ ក្បត់ប្រជាជនកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ គេនៅចាំបានថា នៅចុងឆ្នាំ១៩៩០ សម រង្ស៊ី ធ្លាប់ធ្វើកូដកម្មអត់អាហារ ប៉ុន្តែព្យួរសេរ៉ូមយកកម្លាំង ហើយពេលដែល សម រង្ស៊ី ដឹងថា អាជ្ញាធរត្រូវចាប់ខ្លួនដើម្បីអនុវត្តទោសចំពោះបទល្មើសដែលខ្លួនប្រព្រឹត្ត សម រង្ស៊ី តែងតែរត់ផាស់ក្រញ៉ាំមុនពេលដែលសមត្ថកិច្ចអនុវត្តនីតិវិធីទៅទៀត។ សម រង្ស៊ី ពិតជាមនុស្សថ្នាក់ថ្នមខ្លួន និងខ្លាចគុកជាទីបំផុត តើសម រង្ស៊ី ឯណានៅសុខៗហ៊ានមកជាប់គុកដូចដែលខ្លួនបានថាឲ្យលោក កឹម សុខា ថាជាប់គុកឥតប្រយោជន៍នោះ។ ទី៤- ការសិក្សាស្រាវជ្រាវបានបង្ហាញថា នៅលើពិភពលោកនេះ គ្មានអ្នកនយោបាយរូបណាមួយសុខចិត្តមកជាប់គុក នៅពេលដែលខ្លួនឈានដល់វ័យចំណាស់ទៅហើយនោះទេ។ តើ សម រង្ស៊ី អាយុ ៧០ឆ្នាំ ទៅហើយហ៊ានយកជីវិតចុងក្រោយរបស់ខ្លួនមកប្រថុយជាប់គុកដែរឬទេ? ចម្លើយ គឺអត់ទេ។ ករណីលោក នែលសុន ម៉ាន់ដេឡា នៅប្រទេសអាហ្រ្វិកខាងត្បូង លោកស្រី អ៊ុងសាន ស៊ូជី នៅប្រទេសភូមា ជាប់គុកនៅក្នុងវ័យក្មេង ចុះសម រង្ស៊ី ស្ថិតក្នុងវ័យចំណាស់ បើតស៊ូតាមបែបជាប់គុកតើអាចរំពឹងថានឹងបានសម្រេចទេ? ប្រវត្តិនៃមេដឹកនាំពិភពលោក គ្មាននរណាតស៊ូជាប់គុកនៅអាយុ ៧០ ឆ្នាំទេ។ ប៉ុន្តែបើសិនជា សម រង្ស៊ី សម្រេចមកជាប់គុកក្នុងអាយុ ៧០ឆ្នាំមែននោះ គឺវាស្ថិតក្នុងករណីពិសេស ១លើ១លានភាគរយ ដូចពាក្យចាស់លោកពោលថា ក្មេងអាងយំ ចាស់អាងស្លាប់។ សរុបមកវិញ វត្តមានរបស់ សម រង្ស៊ី នឹងមិនមាននៅកម្ពុជាទេ ហើយប្រសិនបើទណ្ឌិតរូបនេះចូលមក ក៏បន្ទប់ឃុំឃាំង ឃ្នាងខ្មោះ និងកងកម្លាំងសមត្ថកិច្ចបានត្រៀមរួចហើយក្នុងការអនុវត្តច្បាប់។ ពិសេសប្រជាពលរដ្ឋខ្មែរ ក៏មិនចាប់អារម្មណ៍លើការឃោសនាអកុសល ញុះញង់ បំភាន់ បំភិតបំភ័យ បំបែកបំបាក់របស់ទណ្ឌិតរូបនេះដែរ ហើយក៏មិនប្រាថ្នាឲ្យ សម រង្ស៊ី មករំខានការរីកចម្រើនពួកគាត់ដែរ។ ប៉ុន្តែអ្វីដែលពលរដ្ឋខ្មែរបានទស្សទាយដឹងជាមុន គឺ សម រង្ស៊ី នឹងគ្មានភាពក្លាហានវិលចូលស្រុកដូចការសន្យានោះទេ បានត្រឹមតែស្រែករំខានសេចក្តីសុខ និងដំណើរការអភិវឌ្ឍរបស់កម្ពុជាតែប៉ុណ្ណោះ៕ ដោយ៖ សុខ សុវណ្ណ
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...