Tuesday, January 29, 2019

កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង៣ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណ ៣,៣១ពាន់លានដុល្លារអាមេរិក បានកើនឡើង ២៧% ធៀបនឹងឆ្នាំ២០១៧ ដែលមានត្រឹមតែ ២,៦១ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានតម្លៃ ២,៨៨ពាន់លានដុល្លារ និងនាំចូលមានតម្លៃ ៤២៦លានដុល្លារ ធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំលំដាប់ទីពីររបស់កម្ពុជា។ លោកបានលើកឡើងដូចនេះនៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ លើកទី៥ ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក (5th TIFA) ដែលរៀបចំឡើងនៅសណ្ឋាគារអប្សរា ផាឡេស រីសត ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ GSP សម្រាប់ទំនិញកាបូបដាក់សម្ភារៈធ្វើដំណើរ និងជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការអភិវឌ្ឍច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម, ការសិក្សាលទ្ធភាពអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងកម្មវិធីកសាងសមត្ថភាពផ្សេងទៀត។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តន៍គោលនយោបាយបើកចំហរ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅគ្រប់កម្រិតដើម្បីទាក់ទាញការវិនិយោគ សំដៅធ្វើពិពិធកម្មឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជនព្រមទាំងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។ ទន្ទឹមគ្នានោះដែរ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានបង្ហាញជំនឿមុតមាំថា ប្រទេសទាំងពីរត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ស្របពេលដែលពិភពលោកមានការផ្លាស់ប្តូរមិនទៀងទាត់ នៅក្នុងរបៀបវារៈពាណិជ្ជកម្មអន្តរជាតិ ហើយតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សា TIFA លើកទី៥ថ្ងៃនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរ ធ្វើការតាមដាន និងធ្វើបច្ចុប្បន្នភាពបញ្ហាដែលនៅសេសសល់ រួមជាមួយបញ្ហាថ្មីៗផ្សេងទៀតដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសទាំងពីរ ដូចដែលមានចែងនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ។ សូមជម្រាបថា នៅក្នុងឆ្នាំ២០១៨ វិស័យពាណិជ្ជកម្មរបស់កម្ពុជា មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងនោះការនាំចេញទំនិញសរុបរបស់កម្ពុជា ទីកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់ ១២,១ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ១០% ធៀបនឹងឆ្នាំ២០១៧ ហើយទឹកប្រាក់នេះ ត្រូវបានគេព្យាករណ៍ថា អាចនឹងកើនឡើងដល់ប្រមាណ ១៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ខាងមុខ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...