Credited: រស្មីកម្ពុជា:
ភ្នំពេញៈលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានមួយចំនួន និងរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងជើង កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌូនេស៊ីលោកបានជម្រាបទៅរដ្ឋមន្ត្រីនៃប្រទេសទាំងនេះ អំពីដំណើរការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ថាគឺមានរបៀបរៀបរយ មានតម្លាភាព សេរី យុត្តិធម៌ត្រឹមត្រូវ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។ បើឆ្លុះបញ្ចាំងទៅនិងការបោះឆ្នោតនៅប្រទេសផ្សេង គឺមានអំពើហិង្សា និងមានមនុស្សស្លាប់។
លោកបញ្ជាក់ទៀតថា អត្រាប្រជាពលរដ្ឋទៅបោះឆ្នោតមាជាង ៨២ភាគរយ ខណៈមានការធ្វើយុទ្ធនាការម្រាមដៃស្អាត ដេកផ្ទះឈ្នះឯង មិនទៅបោះឆ្នោតគឺប្រជាពលរដ្ឋមិនស្តាប់តាមការអំពាវនាវនេះ។
លោកទេសរដ្ឋមន្ត្រីបានជម្រាបទៅបណ្តារដ្ឋមន្ត្រីក្រសួងការទេសទាំងនោះថាប្រជាពលរដ្ឋជាង៨២ភាគរយពេញចិត្តនៅការប្រើសិទ្ធិរបស់គេ ដោយគ្មានការគំរាមកំហែង។ ប្រជាពលរដ្ឋទៅបោះឆ្នោតដើម្បីស្ថិរភាព និងសន្តិភាព។
ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានធ្វើឡើងក្នុងពិធីប្រគល់រង្វាន់ដល់និស្សិតជ័យលាភីថ្នាក់ជាតិនៃការប្រគួតប្រជែងការយល់ដឹងអំពីអាស៊ានឆ្នាំ២០១៨ នៅទីស្តីការក្រសួងនៅព្រឹកថ្ងៃទី ៧ ខែសីហា នេះ៕

0 comments