Credited: រស្មីកម្ពុជា:
ភ្នំពេញៈ ទឹកជំនន់ទន្លេមេគង្គកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ បានវាយប្រហារដល់ខេត្តព្រៃវែងហើយ ដែលបណ្តាលឲ្យប៉ះពាល់ដល់ប្រជាជន ៤៥៨ គ្រួសារ នៅ ប្រាំមួយស្រុក។ រាប់ទាំងខេត្តព្រៃវែង ទឹកជំនន់ទន្លេមេគង្គ នាពេលនេះ បានប៉ះពាល់ដល់ខេត្តចំនួន ប្រាំ គឺខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តព្រៃវែង ដោយមានប្រជាជនរងគ្រោះសរុប ៣៩.២៤៣ គ្រួសារ និងមានអ្នកស្លាប់ដោយលង់ទឹក កើនដល់ ប្រាំនាក់។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែសីហាថា ទឹកជំនន់ទន្លេមេគង្គ នៅប្រាំមួយខេត្ត (ខេត្តស្ទឹងត្រែង, ក្រចេះ ,ត្បូងឃ្មុំ,កំពង់ចាម និងខេត្តព្រៃវែង ) បានប៉ះពាល់ស្រុកចំនួន ២៧ ស្រុក និង ១៤១ ឃុំសង្កាត់ ដោយប៉ះពាល់ដល់ប្រជាជនសរុប ៣៩.២៤៣ គ្រួសារ។ ក្នុងនោះ មានប្រជាជន ៤.៩២៩ គ្រួសារ ត្រូវបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព ចំនួន ៥៣ កន្លែង នៅក្នុងខេត្តទាំង ៥។ ប្រជាពលរដ្ឋរងគ្រោះស្លាប់ប្រាំមួយនាក់ ក្នុងនោះ នៅខេត្តកំពង់ចាម ៣នាក់ ខេត្តក្រចេះ ម្នាក់ និងនៅខេត្តស្ទឹងត្រែង ពីរនាក់ ហើយមាន បួននាក់ ជាកុមារ។
លោក កែវ វី បន្តថា ផ្ទះដែលខូចខាត ដោយសារការបាក់ច្រាំងទន្លេ មានចំនួន ១៥ខ្នង។ សាលារៀនលិចទឹក មានចំនួន ១៤២ កន្លែង។ វត្ត និងវិហារអ៊ីស្លាម លិចទឹក មានចំនួន ៨០ កន្លែង។ មណ្ឌលសុខភាព លិចទឹក ចំនួនប្រាំមួយកន្លែង។ សត្វពាហនៈ គោ ក្របី សេះ ពពែ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ចំនួន ១៦.៨១០ ក្បាល។ ស្រូវសន្ទូងលិចទឹក ចំនួន ១៣៣៧៦ ហិកតា និងដំណាំរួមផ្សំ លិចទឹកចំនួន ៤៨៧៨ ហិកតា។ បាក់ច្រាំងទន្លេ ៧កន្លែង នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មានប្រវែងសរុប ៦.៤៩០ ម៉ែត្រ។
សម្រាប់តែខេត្តព្រៃវែង ដែលទើបតែលិចលង់ចុងក្រោយគេ ក្នុងចំណោមប្រាំខេត្តនេះ ត្រូវបានលោក កែវ វី បញ្ជាក់ថា នៅខេត្តព្រៃវែង ការលិចលង់មានចំនួន ប្រាំមួយស្រុក ៣២ឃុំសង្កាត់ ផ្ទះដែលលិចទឹក មានចំនួន ៤៥៨ ខ្នង សាលារៀនលិចទឹក ១១កន្លែង វត្តអារាមលិចទឹក ១កន្លែង មណ្ឌលសុខភាពលិចទឹក ១កន្លែង ជម្លៀសគោក្របី ៦៨ក្បាល ស្រូវសន្ទូងពង្រោះ លិចទឹកចំនួន ៦៧១៣ ហិកតា និងដំណាំរួមផ្សំ លិចទឹក ១៧ ហិកតា ព្រមទាំងផ្លូវលំលិចទឹក ២៨៥៦៦ ម៉ែត្រ។
ចំពោះមុខគ្រោះមហន្តរាយទឹកជំនន់នេះ លោក កែវ វី បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ពិសេសលើកូនចៅ និងកុមារ ដែលងាយរងគ្រោះជាងគេ។ ក្នុងនោះ ឪពុកម្តាយ និងអាណាព្យាបាល ត្រូវបង្កើនការមើលថែកូនចៅ ឲ្យបានដិតដល់ជាងមុន ដោយអ្នករងគ្រោះដោយទឹកជំនន់ ត្រូវប្រុងប្រយ័ត្នទាំងការហូបចុក ព្រោះនៅពេលទឹកឡើងលិចដូច្នេះ មានជំងឺច្រើន ព្រមទាំងការហាមឃាត់កូនចៅតូចៗ កុំឲ្យលេងទឹកឡើងលិចនោះ ដែលអាចនាំដល់គ្រោះថ្នាក់ជាយថាហេតុ៕

0 comments