Credited: រស្មីកម្ពុជា :
ទោះជាគ្មាននិយាយចំឈ្មោះ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចានអូចា កាលពីថ្ងៃអង្គារទី២៦មិថុនា បានប្រាប់អតីតនាយករដ្ឋមន្រ្តីរត់ចោលស្រុក ថាក់ស៊ីន ស៊ីណាវ៉ាត អោយវិលមកប្រទេសដើម្បីតតាំងបណ្តឹងនៅតុលាការ “បើគាត់ជឿថាគាត់ជាមនុស្សគ្មានទោស”។
ឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយថា មនុស្សដែលរស់នៅដោយការនិរទេសខ្លួននៅបរទេសនិងគេចពីច្បាប់ថៃ គឺជា”ពលរដ្ឋថ្នាក់ទី២”នៅក្នុងប្រទេសដើមរបស់គេ។
លោកក៏បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយចំពោះការផ្សាយព័ត៌មានអំពី”នរណាម្នាក់ដែលបានប្រព្រឹត្តខុសនិងភៀសខ្លួនចេញពីប្រទេសទៅរស់នៅបរទេស”។
លោកបានសួរថា”ហេតុអ្វីបានជាអ្នកខ្វល់នឹងគាត់ម្ល៉េះ?អ្នកអាចខ្វល់ពីនរណាម្នាក់ផ្សេងដែលធ្វើការសំរាប់ប្រទេសជាតិនៅពេលឥឡូវ។សូមកុំអោយតំលៃមនុស្សដែលវាយប្រហាររិះគន់ប្រទេសខ្លួនឯង។ពួកគេកើតជាថៃ តែឥឡូវរស់នៅប្រទេសផ្សេង ក្នុងនាមជាពលរដ្ឋលំដាប់ទី២”។
លោកប្រាយុទ្ធបានបន្តថា” ពួកគេគួរវិលមកនិងតតាំងក្តីក្តាំក្នុងតុលាការ។ប្រព័ន្ធយុត្តិធម៌អាចធានាយុត្តិធម៌សំរាប់ពួកគេ។ប្រសិនបើពួកគេជឿលើភាពគ្មានទោសរបស់គេពួកគេគួរវិលមក”។
ទោះជាយ៉ាងណា ប្រាយុទ្ធ ដែលក៏ដឹកនាំរបបយោធា គឺ”ក្រុមប្រឹក្សាជាតិសំរាប់សណ្តាប់ធ្នាប់និងសន្តិភាព” បានបន្ថែមថា លោកមិនបាននិយាយសំដៅនរណាម្នាក់ទេ។
លោកបាននិយាយនៅអាកាសយានដ្ឋានដនមឿង ពេលវិលមកពីដំណើរទស្សនកិច្ចនៅអង់គ្លេសនិងបារាំង ដែលក្នុងអំឡុងពេលនោះលោកបានជួបប្រជុំជាមួយមេដឹកនាំរដ្ឋាភិបាលនៃប្រទេសអឺរ៉ុបទាំងពីរ និងពើបការជួបជុំតវ៉ាប្រឆាំងនិងគាំទ្រពីសហគមន៍ថៃ។
ថាក់ស៊ីន មុននេះបានរិះគន់លោកប្រាយុទ្ធនិងរដ្ឋាភិបាលថៃរបស់លោក។ទាំងរដ្ឋាភិបាលរបស់លោកថាក់ស៊ីននិងរដ្ឋាភិបាលរបស់ប្អូនស្រីលោក ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់។
មេដឹកនាំតាមការជាក់ស្តែងរបស់គណបក្សភឿថៃរូបនេះ នៅតែមានជំនឿចិត្តថា គណបក្សនេះនឹងឈ្នះការបោះឆ្នោតសកលដែលពួកយោធាសន្យារៀបចំធ្វើនៅឆ្នាំក្រោយ និងអាចដណ្តើមបានកៅអីសភាច្រើនជាងការបោះឆ្នោតមុនៗទៀតផង។
យោងតាមប្រភពព័ត៌មានចេញពីគណបក្ស អតីតមេដឹកនាំថៃរូបនេះ មិនបានបារម្ភទេក្រោយពីសារព័ត៌មានរាយការណ៍ថាអ្នកនយោបាយជើងចាស់ជាច្រើននៅតំបន់ខាងជើងដែលធ្លាប់បំរើបក្សបានបែរខ្នងដាក់គណបក្សនិងចូលរួមជាមួយគណបក្សមួយដែលគាំទ្ររដ្ឋាភិបាលយោធាបច្ចុប្បន្ន៕
0 comments