Credited: រស្មីកម្ពុជា :
ភ្នំពេញ: បុរសម្នាក់មានមុខងារជាអនុប្រធាននាយកដ្ឋាន ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ និងដកអាវុធខ្លី ភ្ជង់គំរាម មកលើសមត្ថកិច្ច បានត្រូវនគរបាលខណ្ឌចំការមនបញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមច្បាប់។
រហូតមកដល់រសៀលថ្ងៃដដែល លោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ។
បុរសរូបនេះឈ្មោះ ម៉ៅ ច័ន្ទរស្មី អាយុ ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៤អ៊ឺ ផ្លូវ ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរអនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥និង១០ល្ងាច បុរសឈ្មោះ ម៉ៅ ច័ន្ទរស្មី បានបើករថយន្ដរបស់ខ្លួនម៉ាក Toyota Higlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 9766 បុកគូថរថយន្តមួយគ្រឿងផ្សេងទៀតម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT 1914 ដែលបើកបរដោយឈ្មោះ ហ៊ុន សំសែនឧត្តម ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន បណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច តែពេលនោះ ជនសង្ស័យពុំបានចុះពីលើរថយន្តមកដោះស្រាយទេ រួចដេកលក់នៅក្នុងរថយន្ដតែម្ដង។
បន្ទាប់មកក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមន បានចុះដល់កន្លែងកើតហេតុ និងដោយមានសំណូមពរពីខាងភាគីម្ខាងទៀត នគរបាល បានគោះ កញ្ចក់ រថយន្ត ជនបង្ក ស្រាប់តែ ជនបង្ក បានដកអាវុធខ្លីមួយដើមម៉ាកBeretta ពណ៌ទឹកប្រាក់ ភ្ជង់មកលើសមត្ថកិច្ចនគរបាល រួចបើករថយន្តគេចខ្លួនរហូតដល់ផ្លូវ ១៦៣ ក្នុងសង្កាត់ទួលទំពូងទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ តែត្រូវបាននគរបាល ដេញតាមស្ទាក់ឃាត់បាន ជនសង្ស័យរួមនឹងវត្ថុតាងអាវុធខ្លីមួយដើមម៉ាកខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕
0 comments