ក្រុមហ៊ុនអាកាសចរណ៍របស់ចិន រួយលី (Ruili) ចាប់ផ្តើមបើកជើងហោះហើរដំបូងមកកាន់កម្ពុជា ដោយភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងគុនមីង មកព្រលានយន្តហោះក្រុងព្រះសីហនុ ខណៈ ភ្ញៀវទេចរចិនមកលេងកម្ពុជា មានការកើនឡើង។
លោក Ma Zhanwei នាយកប្រតិបត្តិរងក្រុមហ៊ុនអាកាសចរណ៍ រួយលី បានលើឡើងថា ការបើកជើងហោះហើរបន្ថែមមកកម្ពុជា ហើយហោះត្រង់ទៅកាន់ក្រុងព្រះសីហនុនេះ គឺដោយ សារយើងមានឃើញពីកំណើនភ្ញៀវទេសចរចិន មកទស្សនាកម្ពុជា មានការកើនឡើងឥតឈប់ឈរ ដោយក្នុងនោះព្រះសីហនុ ជាខេត្តសក្តានុពលសំខាន់របស់កម្ពុជា សម្រាប់ការលំហែរកម្សាន្តរបស់ជនជនចិន ពិសេសគឺប្រជាពលរដ្ឋក្នុងខេត្តគុនមីងផ្ទាល់តែម្តង។
លោកបន្តថា យន្តហោះប្រភេទប៉ូអ៊ីង B787-9នេះ នឹងធ្វើប្រតិបត្តិការហោះហើរ ៣ថ្ងៃក្នុង១សប្ដាហ៍ និងហោះ១ជើងក្នុង១ថ្ងៃ ហើយអាចផ្ទុកអ្នកដំណើរបានប្រមាណ២៥០នាក់ ។ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបន្តបើកជើងហោះហើរត្រង់បន្ថែមទៀត តភ្ជាប់មកខេត្តសក្តានុពលកម្ពុជា ផ្សេងទៀតទៅកាន់ខេត្តយូណានផងដែរនាពេលខាងមុខ។
លោក ឡុង លុច អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តយូណាន បានអបអរសាទរដល់ក្រុមហ៊ុន Ruili Airlines ដែលបានបើកជើងហោះហើរត្រង់ពីខេត្តគុនមីង-ព្រះសីហនុថ្មីនេះ ថានឹងកើនតែធ្វើអោយភ្ញៀវទេសចរ រវាងខេត្តនៃប្រទេសទាំងពីរ អាចធ្វើដំណើរទៅមក មានភាពងាយស្រួល ហើយនឹងធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើងជាពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៌ និងទេសចរណ៍។
បើយោងតាមរបាយការណ៍ពី Cambodia Airport បានបង្ហាញថា អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំង៣របស់កម្ពុជា មានចំនួន ៦,៣លាននាក់ កើនឡើងប្រមាណ ២៥% ក្នុងចំណោមនោះ ភ្ញៀវទេសចរ ដែលបានឆ្លងកាត់តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទទួលបានកំណើនអ្នកដំណើរ ២៤,៥% ព្រលានយន្តហោះអន្តរជាតិសៀមរាប ២១,៨% និងព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ១៦,២%។
គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលក្រុមហ៊ុនអាកាសចរណ៍ Ruili ឈានជើងចូលក្នុងទីផ្សារអន្តរជាតិ បន្ទាប់ពីបើកប្រតិបតិ្តការហោះហើរអស់រយៈពេលបីឆ្នាំក្នុងខេត្តយូណាប្រទេសចិន ហើយពេលនេះ បានបើកជើងហោះហើរត្រង់ពីក្រុងគុនមីង មកក្រុងព្រះសីហនុកម្ពុជា និងពីហ្ស៊ី ស័ន ប៉ាណា ទៅឆៀងម៉ៃ និងឆៀងរ៉ៃ ប្រទេសថៃផងដែរ។





0 comments