Wednesday, April 4, 2018

ក្រុមអ្នកអភិរក្សជួយការពារកូនសត្វស្លាបងាយរងគ្រោះជិត ៧.០០០ក្បាលនៅខេត្ដព្រះវិហារ

ចាប់តាំងពីឆ្នាំ២០០២មក អ្នកអភិរក្សក្រសួងបរិស្ថាន សមាជិកសហគមន៍ និង អង្គការ WCS បានរួមគ្នាថែរក្សា និងការពារសត្វស្លាបប្រភេទរងការគំរាមកំហែងជាសកល ចំនួន១១ប្រភេទ ដែលមានសម្បុកទាំងអស់សរុបចំនួន៣.៨១៣ ហើយញាស់បានជាកូន ចំនួន ៦.៨០៦ក្បាល នៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ខេត្តព្រះវិហារ។

​ដើម្បីដោះស្រាយបញ្ហាប្រមូលយកពង និង កូនសត្វស្លាបទឹកទៅលក់ដែល បញ្ហានេះ គំរាមកំហែងដល់សត្វស្លាបទឹកមានមាឌធំៗកាលពីដើម ឆ្នាំ២០០០ កន្លងមក គម្រោងការពារ សម្បុកសត្វស្លាបត្រូវបានបង្កើតឡើងដើម្បីការពារសម្បុក ពងកូនសត្វស្លាបសំខាន់ៗ ដោយផ្តល់ ប្រាក់កម្រៃលើកទឹកចិត្តជូន សមាជិកសហគមន៍ ដែលចូលរួមក្នុងសកម្មភាពនេះ។ តាមរយៈ គម្រោង ការពារសម្បុកសត្វស្លាបនេះ ប្រជាសហគមន៍រស់នៅក្នុងដែនជម្រក សត្វព្រៃគូលែន ព្រហ្មទេព និងឆែប ទទួលបានប្រាក់កម្រៃលើកទឹកចិត្ត ប្រសិនបើពួកគាត់ទទួលបានជោគ ជ័យក្នុងការងារត្រួតពិនិត្យ ការពារ និង យាមសម្បុកសត្វស្លាបសំខាន់ៗ រហូតដល់ពេលកូនញាស់។

​លោក រស់ វ៉ាន់ ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃ គូលែន ព្រហ្មទេពនៃក្រសួងបរិស្ថាន បានឱ្យដឹងថា “ការថែរក្សាសម្បុកពងកូន បានកាត់បន្ថយការគំរាម កំហែងពីការប្រមូលយកពងកូន ការរំខាន និងការកាប់ព្រៃឈើជាដើម។

លោកបានបន្ដថា ជោគជ័យនៃគម្រោងនេះ ផ្សារភ្ជាប់ទៅនឹងការងារសិក្សាស្រាវជ្រាវរបស់ពួកយើងទៅ លើអេកូឡូស៊ីនៃប្រភេទសត្វ ព្រៃសំខាន់ៗទាំងអស់នេះ និងដោយសារកិច្ចសហការយ៉ាងជិត ស្និទ្ធិជា មួយប្រជាជនសហគមន៍។

នៅពេលប្រជាសហគមន៍មានឱកាសទទួលបានប្រយោជន៍ ផ្នែក សេដ្ឋកិច្ច និងសង្គមពីការងារអភិរក្សសត្វព្រៃ ពួកគាត់នឹងមានទឹកចិត្តក្នុង ការចូលរួមថែ រក្សា និង ការពារសត្វព្រៃទាំងអស់នោះ។ សត្វស្លាបសំខាន់ៗដែល ទទួលបានការការពារសម្បុក ទាំង អស់នោះរួមមានត្រយ៉ងយក្សដែលជាសត្វស្លាប តំណាងឱ្យប្រទេសកម្ពុជាត្រយ៉ងចង្កំកស ត្មាតផេះ ត្មាតភ្លើង ត្រដក់តូច និងត្រដក់ធំ ស្មោញ អង្កត់ខ្មៅ ក្រៀល ទាព្រៃស្លាបស និង ពពូលទឹក។

តំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ដែលរួមបញ្ចូលដែនជម្រក សត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃឆែបផងដែរនោះ គាំទ្រ ដល់ការរស់នៅរបស់ សត្វស្លាបជិត៣០០ប្រភេទ។ នៅប៉ុន្មានឆ្នាំកន្លងមកនេះការគំរាមកំហែង ចម្បងចំពោះសត្វស្លាបប្រភេទរងគ្រោះទាំងអស់នោះនៅតំបន់ខ្ពង់រាបភាគខាងជើង បានប្តូរពី ការប្រមូលយកពងកូន ទៅជាការបាត់បង់ទីជម្រកវិញ។

មូលហេតុនៃការបាត់បង់ទីជម្រកនេះ គឺបណ្តាលមកពីការកាប់ឆ្កាព្រៃឈើ សម្ពាធពីការអភិវឌ្ឍសេដ្ឋកិច្ច និងការកាប់ប្រភេទឈើ ប្រណិតដែលជាប្រភេទដើមឈើសត្វស្លាបទឹកមាឌធំចូលចិត្តធ្វើសម្បុកពងកូន។

​លោក កែន សេរីរដ្ឋា ប្រធានអង្គការ WCS បាននិយាយថា “ជោគជ័យនៃគម្រោង ការពារសម្បុកសត្វស្លាប គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ អនុវត្តន៍សកម្មភាព អភិរក្សនៅតំបន់ខ្ពង់ រាប ភាគខាងជើងនេះ។ ការងារនេះកើតចេញពីកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាល សមាជិក សហគមន៍ និងអង្គការដៃគូអភិវឌ្ឍន៍ដើម្បីបង្កើត និងគ្រប់គ្រងតំបន់ការពារធម្មជាតិ រៀប ចំបង្កើតកំណត់តំបន់គ្រប់គ្រង និងប្រើប្រាស់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនសហគមន៍ផងដែរ។ ការងារនេះ នឹងមិនអាចសម្រេចទៅបានទេប្រសិនបើពុំមានការគាំទ្រផ្នែក ថវិកាពីមជ្ឈមណ្ឌល សំ វាសនា, សហភាពអឺរ៉ុប, Agence Française de Développement និង Margaret A. Cargill Philanthropies ៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...