(ភ្នំពេញ)៖ កាណូតដឹកជញ្ជូនអ្នកដំណើរ ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ បានបើកសម្ពោធដាក់ឲ្យដំណើរការហើយ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨។ ក្រសួងសាធារណការ បានបើកឲ្យមហាជន ជិះដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៦ ខែមេសានេះ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។
ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការបណ្តោះអាសន្នកាណូតដឹកអ្នកដំណើរ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវទឹក ដើម្បីកាត់បន្ថយការកកស្ទះ និងការបន្ថយគ្រោះថ្នាក់ចរាចរណ៍។
តាមតម្លៃធម្មតា កាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ត្រូវចំណាយថវិកា ៥៤០០ រៀល ក្នុង ម្នាក់។ កាណូតដឹកជញ្ជូនអ្នកដំណើរទាំងនេះ ចាប់ផ្តើមចេញដំណើរពីម៉ោង ៥ និង ៣០ នាទីព្រឹក រហូតដល់ម៉ោងជាង ៦ ល្ងាច រៀងរាល់ថ្ងៃ។
សូមរម្លឹកថា កាណូតដឹកអ្នកដំណើរ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ឲ្យដំណើរការពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នាថ្ងៃទី០៦ ខែមេសានេះ មានចំនួន ០៣គ្រឿង ដោយកាណូត ០២គ្រឿង ជារបស់ក្រុមហ៊ុន Royal Express Boat អាចផ្ទុកមនុស្ស ៦០នាក់ និង ០១គ្រឿងទៀត ជាទូករបស់កំពង់ផែស្វយ័តភ្នំពេញ អាចផ្ទុកបាន ៥៤ នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព។ នៅពេលខាងមុខ នឹងមានកាណូត ០១គ្រឿងទៀត ដែលក្រសួង បានកម្ម៉ង់ទិញពីប្រទេសវៀតណាម។
កាណូតទាំង ០៣គ្រឿង ដែលដឹកអ្នកដំណើរក្នុងជំហ៊ានដំបូងនេះ ធ្វើចរាចរណ៍ផ្តល់សេវាចេញដំណើរពីព្រែកព្នៅ ទៅក្រុងតាខ្មៅ ចម្ងាយសរុបប្រមាណ ២៥ គីឡូម៉ែត្រ ដោយចំណាយពេលវេលាជាមធ្យម ៣៤ នាទី មានចំណតផែចំនួន ០៥ រួមមាន៖ ចំណតផែព្រែកព្នៅ ទីលានប្រជាធិបតេយ្យថ្មី ផ្សាររាត្រី កោះពេជ្រ និងក្រុងតាខ្មៅ ទីរួមខេត្តកណ្តាល៕





0 comments