Thursday, April 5, 2018

តុលាការអនុវត្តសាលដីកា ដែលបង្គាប់ឱ្យកាសែតភ្នំពេញប៉ុស្តិ៍ សងប្រាក់​២៦​ម៉ឺន​ដុល្លារ​​អាមេរិក

Credit: Fresh News

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចមួយក្រុម នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ បានចុះអនុវត្តសាលដីកាដោយបង្ខំ ដែលបង្គាប់ឱ្យកាសែតភ្នំពេញប៉ុស្តិ៍ សងប្រាក់​២៦​ម៉ឺន​ដុល្លារ​​អាមេរិកឲ្យ​ទៅ លោក Chris Dawe អតីតអគ្គនាយកនៃកាសែតនេះ ក្នុងករណីវិវាទការងារកន្លងទៅ ប៉ុន្តែបន្ទាប់ពីចរចាតុលាការបានយល់ព្រមតាមការស្នើសុំទុកពេលឱ្យកាសែតភ្នំពេញចំនួន២០ថ្ងៃ ដើម្បីរកប្រាក់ទូទាត់សង លោក Chris Dawe។ នេះ​បើតាម លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។

លោក លី សុផាណា បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «មន្រ្តីទទួលបន្ទុកអាជ្ញាសាលា អនុវត្តដោយបង្ខំ តាមនីតិវិធីរដ្ឋប្បវេណី ទៅលើសាលដីកាលេខ១២ក្រIIIឃ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់សាលាឧទ្ធរណ៍»។ លោកបានបន្តថា សាលដីកានេះ គឺជាករណីវិវាទផ្ទៃក្នុងរបស់កាសែតភ្នំពេញប៉ុស្តិ៍ប៉ុណ្ណោះ។

ការ​អនុវត្ត​សាល​ដីកា​នេះ បានធ្វើឡើងបន្ទាប់​ពី​សាលាឧទ្ធរណ៍ បន្តសម្រេច​ឲ្យ​លោក Chris Dawe ឈ្នះ​ក្ដី​ក្នុង​សំណុំ​រឿង​វិវាទ​ការងារក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​។ លោក Chris Dawe ធ្លាប់​បម្រើ​ការងារ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ខែ​មីនា​ឆ្នាំ​២០១២ ក្នុង​មុខ​តំណែង​ជា​អគ្គនាយក​នៃ​កាសែត​នេះ ប៉ុន្តែលោកត្រូវបានបណ្តេញចេញ នៅ​ក្នុង​ឆ្នាំ​២០១៥​។ តាម​រយៈ​សាល​ដីកា​នេះ គឺកាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ត្រូវទូទាត់​សំណង​ជា​ទឹក​ប្រាក់​២៦​ម៉ឺន​ដុល្លារ ទៅ​ឲ្យ​លោក Chris Dawe។

សូមបញ្ជាក់ថា នាថ្មីៗនេះ កាសែតភ្នំពេញប៉ុស្តិ៍ ក៏ត្រូវបានធ្លាយដំណឹងថា ប្រឈមនឹងការជំពាក់ពន្ធរដ្ឋរាប់លានដុល្លារអាមេរិកផងដែរ។ ប៉ុន្តែតាមរយៈសេចក្តី ថ្លែងការណ៍មួយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ អគ្គនាយកកាសែតភ្នំពេញប៉ុស្តិ៍ បានចេញមុខអះអាងថា កាសែតភ្នំពេញប៉ុស្តិ៍ មិនបានប្រឈមនឹងការបិទ នៅកម្ពុជា ដោយសារបញ្ហាជំពាក់ពន្ធដារ ដូចបណ្តាញសារព័ត៌មានបរទេស និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយនោះទេ៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...