Credit: រស្មីកម្ពុជា
សៀមរាប: បុរសម្នាក់បានស្លាប់នៅផ្ទះរបស់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគាត់បានចុកពោះហើយហៅពេទ្យមកដាក់សេរ៉ូម ដើម្បីបំបាត់ការចុកចាប់នេះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ស៊ុន ថៃអធិការរងនគរបាលស្រុកស្វាយលើ បាននិយាយថា ជនរងគ្រោះដែលស្លាប់ដោយសារការព្យួរសេរ៉ូមនោះមានឈ្មោះ ពែង សុក ភេទប្រុស អាយុ ៥២ ឆ្នាំ ទីលំនៅភូមិ ដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកអធិការរងបានបន្តថា មុនពេលកើតហេតុបុរសរងគ្រោះមានអាការៈចុកពោះ ហើយក៏បានហៅគ្រូពេទ្យម្នាក់ឈ្មោះ យន សុភា អាយុ៤៩ឆ្នាំ មានទីលំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ មកព្យួរសេរ៉ូមអោយ។ ក្រោយពីព្យួរសេរ៉ូមហើយ បុរសឈ្មោះ ពែក សុក ក៏បានស្លាប់តែម្តងនៅក្នុងផ្ទះរបស់ខ្លួន។ បុរសរងគ្រោះនោះដែរ មានជំងឺប្រចាំកាយដូចជាពងកោប ហើយញៀនស្រាជាប្រចាំទៀតផង។
លោក ស៊ុន ថៃបានបន្តថា ក្រោយពីស្លាប់មនុស្សហើយ ក្រុមគ្រូសាររងគ្រោះមិនបានប្តឹងផ្តល់អ្វីទេ ប៉ុន្តែរវាងគ្រូពេទ្យនិងក្រុមគ្រួសារជនរងគ្រោះ អាចចរចារគ្នាផ្ទៃក្នុងខ្លះៗ។
ក្រោយពីពិនិត្យសាកសពហើយ សមត្ថកិច្ចក៏បានប្រគល់សាកសពទៅអោយក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះថា គ្រូពេទ្យមកព្យួរសេរ៉ូមនេះក៏មិនចង់អោយមនុស្សស្លាប់ឡើយ៕


0 comments