Credit: រស្មីកម្ពុជា
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបង្កើនសង្គ្រាមពាណិជ្ជកម្មយ៉ាងគំហុកជាមួយចិនកាលពីថ្ងៃព្រហស្បតិ៍ទី៥មេសា ដោយប្តេជ្ញាបន្ថែមពន្ធលើទំនិញចិន១០០.០០០លានដុល្លារទៀតនៅក្នុងការវាយពន្ធសងសឹកទៅវិញទៅមករវាងមហាអំណាចទាំងពីរ។
ដោយបានស្នើសុំអោយយកពន្ធជាការពិន័យចំនួន៥០.០០០លានរួចជាស្រេចហើយលើទំនិញនាំចូលពីចិន លោកត្រាំបានឆ្លើយតបទៅនឹងវិធានការតតបរបស់រដ្ឋាភិបានក្រុងប៉េកាំងដោយបង្កើនពន្ធមួយជាពីរ។
ត្រាំបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា«ដោយមិនបានកែប្រែកំហុសរបស់ខ្លួន ចិនបានជ្រើសយកការធ្វើអោយប៉ះពាល់កសិករនិងឧស្សាហកររបស់យើង។ដោយសារតែការសងសឹកមិនត្រឹមត្រូវនេះ ខ្ញុំបានប្រាប់ទៅមន្ត្រីពាណិជ្ជកម្មអោយពិចារណាអំពីថាតើបន្ថែមពន្ធ១០០ពាន់លានទៀតវាសមស្របដែរឬអត់»។
មុនការប្រកាសលើកចុងក្រោយនេះ ពួកសមាជិកសភាអាមេរិកបានសម្តែងការព្រួយបារម្ភខ្លាំងឡើងអំពីការគំរាមដល់វិស័យកសិកម្មអាមេរិកដោយសារតែការប្រឈមមុខជាមួយចិន។
ចំណាត់ការដ៏ភ្ញាក់ផ្អើលរបស់ត្រាំកើតឡើតែមួយថ្ងៃក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសផែនការយកពន្ធ៥០.០០០លានដុល្លារលើទំនិញអាមេរិក រួមមានសណ្តែកសៀងនិងយន្តហោះធុនតូច ជាការឆ្លើយតបនឹងចំណាត់ការរបស់អាមេរិកនៅសប្តាហ៍នេះដើម្បីយកពន្ធលើទំនិញនាំចូលចិនតំលៃ៥០.០០០លានដុល្លារ៕

0 comments