ព្រះសីហនុ ៖ កំពង់ផែថ្មីក្រុងព្រះសីហនុ នឹងដាក់ឱ្យដំណើរការនៅពេលខាងមុខ បន្ទាប់ពីសាងសង់រួចយ៉ាងយូរនៅឆ្នាំ២០២២។
ឯកឩត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តខេត្តក្រុងព្រះសីហនុ បានថ្លែងនៅថ្ងៃទី១១ ខែមេសានេះថា បច្ចុប្បន្ននេះ កំពង់ផែព្រះសីហនុកំពុងតែសាងសង់ផែថ្មីមួយទៀត ដែលប្រើប្រាស់កម្ចីសម្បទានរបស់រដ្ឋាភិបាលជប៉ុន ដោយសម្រេចបានលទ្ធផលប្រមាណ ៩៧% គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០១៨នេះ។
ឯកឧត្តម បានបន្តថា នៅពេលដាក់ឲ្យដំណើរការអាចចូលកប៉ាល់ជ្រៅបានហើយនៅពេលនោះទំនិញនាំចេញសំខាន់ៗឆ្លងកាត់នៅខេត្តព្រះសីហនុរួមមាន ស្បែកជើង សំលៀកបំពាក់ អង្ករ ដំឡូងមី និងកម្ទេចឈើអាចដឹកជញ្ជូនបានដើម្បីនាំចេញទៅក្រៅប្រទេស ។
ឯកឧត្តម បានលើកឡើងថា បច្ចុប្បន្ននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុបានអនុញ្ញាតឲ្យនាវាចូលចតក្នុងជម្រៅទឹកបានតែ៨ម៉ែត្រកន្លះ ហើយសម្រាប់នាវាមានជម្រៅទឹកជ្រៅជាង ៨ម៉ែត្រកន្លះមិនអាចអនុញ្ញាតឲ្យចូលនោះទេ។
ឯកឩត្តម បានបញ្ជាក់ទៀតថា នៅពេលកំពង់ផែទឹកជ្រៅដាក់ឲ្យដំណើរការនោះសេវាដឹកជញ្ជូនតាមកំពង់ផែក្រុងព្រះសីហនុ នឹងទទួលបានចំនួនកុងទ័រន័រពី៧០០ ទៅ៨០០ពាន់ធីអ៊ីយូ ដែលពេលនោះថ្លៃដឹកជញ្ជូនតាមកំពង់ផែនឹងថយចុះបន្តិចម្តងៗ។
សម្រាប់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ កសិផលកម្ពុជាជួបបញ្ហាលំបាកក្នុងការដឹកជញ្ជូនតាមកំពង់ផែ ហើយបើសិនជាផែខេត្តព្រះសីហនុសង់រួចឆ្នាំ២០២២ នឹងសម្រួលបានច្រើនជាពិសេសវិស័យឯកជនតែម្តងដែលអាចសម្រួលដល់ការដឹកជញ្ជូនកសិផលបានក្នុងតម្លៃថោក។
លោកឧកញ៉ា បានបន្ថែមថា ក្នុងយុទ្ធសាស្ត្រនិងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ និងឆ្នាំ២០២៥ នឹងទាក់ទាញឲ្យមានការវិនិយោគកាន់តែច្រើននៅក្នុងប្រទេសកម្ពុជាបង្កើតការងារធ្វើផងដែរ។
យោងតាមអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ថែមថា តម្លៃដឹកជញ្ជូនទំនិញពីកំពង់ផែក្រុងព្រះសីហនុ ទៅកំពង់ផែភ្នំពេញ មានថ្លៃ១ កុងទ័រន័រថ្លៃចន្លោះពី១៨០ ទៅ២០០ ដុល្លារ ប៉ុន្តែថ្លៃដឹកជញ្ជូនទៅក្រៅប្រទេសវិញពី ៨០០ទៅ ១ពាន់ដុល្លារ១ កុងទ័រន័រ៕

0 comments