ព្រឹត្តិការណ៍ Tiger Street Football Festival 2018 មណ្ឌលរាជធានីភ្នំពេញ ដែលជាមណ្ឌល ចុង ក្រោយគេនោះមានក្រុមចំនួន១១៦ ចូលរួមប្រជែងម្ចាស់ ជ័យលាភីប្រចាំមណ្ឌលនេះ ដើម្បីកក់កៅអីឡើងទៅជុំផ្តាច់ព្រ័ត្រ នាពេលខាងមុខ ដោយបានចាប់ ផ្តើមប្រកួតចាប់ពីម៉ោង៧ព្រឹក នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅមុខបរិវេណសាល មហោស្រពកោះពេជ្រ។
មណ្ឌលរាជធានីភ្នំពេញនេះ នឹងត្រូវប្រកួតរយៈពេល៣ថ្ងៃ ដើម្បីសម្រាំងរកក្រុមខ្លាំងៗជាច្រើន ក្រុម ដើម្បីឡើងទៅកាន់ជុំផ្តាច់ព្រ័ត្រ ទូទាំងប្រទេស ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃទី១០-១១ខែមីនា ឆ្នាំ២០១៨នេះ។
នៅមណ្ឌលភ្នំពេញក្រុមទាំង១១៦ នឹងត្រូវធ្វើការប្រកួតរហូតដល់ទៅ៣ថ្ងៃ ឯណោះទើបអាចស្វែងរក១២ ឈានទៅវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេសបាន។ ក្នុងចំណោម ១១៦ក្រុម គឺមានក្រុមមួយចំនួនដែលលេចធ្លោខ្លាំង ដូចជា Home Sport FC, Pisnoka FC, Daniel FC, Victory Youth FC ដែលក្រុមការពារតំណែងជើងឯកឆ្នាំចាស់, អាណាចក្របៃតង, ឆន្ទៈកីឡា និងក្រុម Rolling FC ជាដើម។
សូមបញ្ជាក់ថា ប្រាក់រង្វាន់សម្រាប់មណ្ឌលនេះវិញ ក្រុមលេខ១ ទទួលបាន១.៥០០ដុល្លារ លេខ២ ទទួលបាន១.០០០ដុល្លារ លេខ៣ ទទួលបាន៥០០ដុល្លារ និងក្រុមលេខ៤ ទទួលបាន២០០ដុល្លារ។ ការប្រកួតជ្រើសយក១២ក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមប្រាក់រង្វាន់ធំទូទាំងប្រទេស១៥.០០០ដុល្លារ៕


0 comments