Thursday, March 29, 2018

ប្រទេស​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣នៅខេត្តសៀមរាប

Credit: រស្មីកម្ពុជា

ភ្នំពេញៈ ប្រទេស​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ លើក​ទី​៣ នៅ​ថ្ងៃទី ០៥ ខែ មេសា ក្នុង​ខេត្តសៀមរាប ដែលជា​ខេត្ត​មាន​ប្រាសាទ​អង្គរ​ដ៏​ល្បីល្បាញ ដើម្បី​លើកកម្ពស់កិច្ចសហ​ប្រតិបត្តិការ​តំបន់ ក្នុងចំណោម​ប្រទេស​តាម​ដង​ទន្លេមេគង្គ សំដៅ​សម្រេច​ឲ្យ​នូវ​ការអភិវឌ្ឍ និង​ការគ្រប់គ្រង​ទន្លេមេគង្គ​ប្រកបដោយ​ចីរភាព​។​

​កិច្ចប្រជុំ​កំពូល​ក្រោម​ប្រធានបទ “​ការលើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ​” ក្រោម​ទិស​ស្លោក “​ទន្លេមេគង្គ​តែមួយ ស្មារតី​តែ​មួយ ” នឹងមាន​ការចូលរួម​ពី​នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ កម្ពុជា ឡាវ ថៃ និង​វៀតណាម ព្រមទាំង​តំណាង​ជាន់ខ្ពស់​ពី​ប្រទេស​ដៃគូ​សន្ទនា ចិន និង​មី​យ៉ាន់​ម៉ា ដើម្បី​ពិភាក្សា​លើ​បញ្ហា​ប្រឈម​នានា​ដែល កំពុងតែ​កើតមាន​ក្នុង​អាង​ទន្លេមេគង្គ និង​ដាក់ចេញ​នូវ​ទិសដៅ​សម្រាប់​ធ្វើការ​រួមគ្នា ដើម្បីផល​ប្រយោជន៍ នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ​។

​លោក តែ ណា​វុ​ធ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជា​សមាជិក​នៃ គណៈកម្មការ​អន្តរក្រសួង​រៀបចំ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ បាន​មានប្រសាសន៍ថា “​ប្រទេស​កម្ពុ​ជា​មាន​កិត្តិយស​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ ដែលជា​ពេលវេលា​ដ៏​សំខាន់ ដែល​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ចាំបាច់​ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​នូវ​ការគ្រប់​គ្រង​អាង​ទន្លេមេគង្គ ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស សម្រាប់​កំណើនសេដ្ឋកិច្ច​។​”

​មុន​កិច្ចប្រជុំ​កំពូល​នេះ នឹងមាន​ការរៀបចំ​សន្និសីទ​អន្តរជាតិ​មួយនា​ថ្ងៃទី ០២-០៣ ខែមេសា ឆ្នាំ​២០១៨ ដែល​មាន​​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ មកពី​បណ្តា​ស្ថាប័ន​រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល អង្គការ​អាង​ទន្លេ ដៃគូ​អភិវឌ្ឍ​ន៏ គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ និង​វិស័យ​ឯកជន ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ទស្សនៈ និង​ការអនុវត្ត​និង​វិធីសាស្ត្រ​ល្អៗ​លើ​ការគ្រប់គ្រង​ធនធាន​ទន្លេ និង​ការលើកកម្ពស់​ភាពជា​ដៃគូ​ជាមួយ​យន្ដការ និង​ក្របខណ្ឌ​តំបន់​ផ្សេង​ទៀត រួមមាន ក្របខណ្ឌ​សហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ កម្មវិធី​មហា​អនុតំបន់​មេគង្គ​នៃ​ធនាគារអភិវឌ្ឍន៍​អាស៊ី និង​អាស៊ាន​ជាដើម​។

​បើតាម​ការលើកឡើងរ​បស់​គណៈកម្មការ​ទន្លេ​មេគង្គ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បួន​នឹងធ្វើ​ការអះអាង​សារជាថ្មី​នូវ​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​ក្នុងការ​អនុវត្ត​គម្រោង និង​សកម្មភាព​រួមគ្នា ដើម្បី​ធានា​ឲ្យ​មានការ​គ្រប់គ្រង​ប្រកបដោយ​ចីរភាព​នូវ​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​ក្នុង​អាង​ទន្លេមេគង្គ ដែល​នឹង​រួមចំណែក​ដល់​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ លើ​ផ្នែក​ការកាត់បន្ថយ​ភាពក្រីក្រ កំណើនសេដ្ឋកិច្ច សន្ដិសុខ​ស្បៀង ការផលិត​ថាមពល​ក្នុងតម្លៃ​សមស្រប​និង​អាច​ជឿទុកចិត្ត​បាន និង​បម្រែបម្រួល​អាកាសធាតុ​។

​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ គឺជា​ព្រឹត្តិការណ៍​កម្រិត​នយោបាយ​ខ្ពស់បំផុត និង​ដ៏​មាន​សារៈសំខាន់ ដែល​ផ្តួចផ្តើម​ដោយ​ប្រទេស​ជា​សមាជិក និង​ត្រូវ​រៀបចំ​ធ្វើឡើង​រៀងរាល់​បួន​ឆ្នាំ​ម្ដង សម្រាប់​ផ្ដល់ឱកាស ដល់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បួន​ធ្វើការ​ផ្លាស់ប្ដូរ​ទស្សនៈ ពិភាក្សា​លើ​ដំណោះស្រាយ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​នានា​ដែល​តំបន់​នេះ​កំពុង​ជួបប្រទះ និង​ពិនិត្យឡើងវិញ​លើ​វឌ្ឍនភាព​និង​សមិទ្ធផល​ដែល​គណៈកម្មការ​ទន្លេមេគង្គ​សម្រេចបាន ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី ដើម្បី​ការគ្រប់គ្រង ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​មេគង្គ ដែល​ប្រទេស​ទាំង​បួន​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ០៥ ខែមេសា ឆ្នាំ​១៩៩៥​។​

​កិច្ចប្រជុំ​កំពូល​លើក​ទី​១ បានរៀបចំ​ធ្វើ​នៅ​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០១០ ដោយបាន​ចេញ​នូវ​សេចក្ដី​ថ្លែង​ការរួម ដែល​​ផ្ដោតលើ​ការពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ​នានា បង្កឡើង​ដោយ​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត​និង​ការកើនឡើង​កម្ពស់​ទឹកសមុទ្រ ការធានា​និរន្ត​ភាព​នៃ​ការប្រើប្រាស់​ធនធានទឹក​និង​ធនធាន​ពាក់ព័ន្ធ​សម្រាប់​ពេលអនាគត ការកំណត់​ពី​បញ្ហា​ប្រឈម​និង​កាលា​នុ​វត្ថ​ភាព​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ និង​ការសម្របសម្រួល​ក្របខណ្ឌ​គតិ​យុ​ត្ដ​អន្តរជាតិ​សម្រាប់​ការធ្វើ​នាវាចរណ៍ និង​ពាណិជ្ជកម្ម​។​

​ ​កិច្ចប្រជុំ​កំពូល​លើក​ទី​២ បានរៀបចំ​ធ្វើ​នៅ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៤ បានធ្វើ​ការអះអាង​សារជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​រួមគ្នា​ខិតខំ​ធ្វើការ​យ៉ាងណា​ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ​នៃ​គ្រោះមហន្ដរាយ ក្នុង​អាង​ទន្លេមេគង្គ​ទាំងមូល ពង្រឹង​វិធានការ​ថែរក្សា​គុណភាព​ទឹក ពង្រីក​កាលា​នុ​វត្ថ​ភាព​ដើម្បី​ពង្រឹ​កិច្ចសហប្រតិ​បត្តិការ​ជាមួយ​ដៃគូ​សន្ទនា ដៃគូ​អភិវឌ្ឍន៍ និង​យន្តការ​ថ្នាក់​តំបន់ និង​អន្តរជាតិ​ផ្សេងទៀត​។​

​ ​លោក តែ ណា​វុ​ធ បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​កំពូល​ទាំង​ពីរលើក​កន្លងមក បាន​នាំមក​នូវ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ការគ្រប់គ្រង​ធនធានទឹក និង​ថា​កិច្ចប្រជុំ​កំពូល​នៅ​ឆ្នាំនេះ នឹង​ផ្ដល់ឱកាស​ដល់​បណ្ដា​ប្រទេស​តាម​ដង​មេគង្គ​ទាំង​បួន​ធ្វើការ​ពិនិត្យឡើងវិញ​លើ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ជម្រុញ​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​និង​ភាពជា​ដៃគូ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ពិភាក្សា​លើ​យុទ្ធសាស្ដ្រ​សម្រាប់​ពេលអនាគត​បន្ដទៀត ។

​ ​

លោក​បាន​មានប្រសាសន៍​បន្ថែមថា “​យើង​ចាំបាច់​ត្រូវតែ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​កិច្ចសហប្រតិ​បត្តិ​​​ការ​ល្អ ដើម្បី​បង្កើន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ឲ្យ​បានជា​អតិបរមា និង​កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍ​ផ្សេងទៀត​ក្នុង​អាង​ទន្លេមេគង្គ​” ។​

​ ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​មានប្រសាសន៍ថា នៅក្នុង​រយៈពេល​ជាង ២៣​ឆ្នាំ​កន្លង​ទៅនេះ ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​គ​ណៈ​កម្ម​ការ​ទន្លេមេគង្គ ប្រទេស​កម្ពុជា​បានរួម​ចំណែក​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ទន្លេមេគង្គ ដោយបាន​សហការ​ជាមួយ​បណ្ដា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ផ្សេងទៀត ដើម្បី​គិតគូរ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​កើតមាន ដោយសារ​ការអភិវឌ្ឍ​វា​រី​អគ្គិសនី និង​ធនធានទឹក​ដទៃទៀត ដែល​បង្ក​ជាការ​គំរាមកំហែង​ដល់​ធនធាន​ក្នុង​អាង​ទន្លេមេគង្គ​។​

​ ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា គឺជា​សេនាធិការ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្របសម្រួល​លើ​ការគ្រប់គ្រង ការការពារ ការអភិរក្ស និង​ការអភិវឌ្ឍ​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុង អាង​ទន្លេមេគង្គ​។ ក្រោម​ក្របខណ្ឌ​គណៈកម្មការ​ទន្លេមេគង្គ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព គណៈកម្មាធិការ​នេះ សម្របសម្រួល​លើ​ការរៀបចំ និង​ការអនុវត្ត​គម្រោង និង​កម្មវិធី​នានា ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​សហគម​ន៍តា​មដង​ទន្លេ នៃ​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​ទាំង​បួន​៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...