លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នឹងនៅតែបន្តដើរទៅមុខ ហើយការបោះឆ្នោតនៅក្នុងប្រទេស ក៏នៅតែបន្តធ្វើតាមកាលកំណត់ មិនបានលុបចោលដូចបណ្តាប្រទេសមួយចំនួនឡើយ។ លោកបន្តថា លោកបានបន្តថា កម្ពុជា បានដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនេះ ក៏មានរយៈពេលច្រើនគួរសម អាចចាត់ទុកថាជាអ្នកចាស់ទុំខាងនយោបាយ ប៉ុន្តែប្រជាធិបតេយ្យណាក៏ដោយត្រូវតែមាននីតិរដ្ឋ មិនអាចមានប្រជាធិបតេយ្យ តាមបែបខ្វះការគ្រប់គ្រងតាមផ្លូវច្បាប់ ហើយវាចេញដំណើរតាមបែបអាណាធិបតេយ្យនោះទេ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានប្រវែង ៨៥គីឡូម៉ែត្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងការអនុវត្តន៍នូវដំណើរការប្រជាធិបតេយ្យ កម្ពុជាបានបោះឆ្នោតរួចហើយ កាលពីខែកុម្ភៈ កន្លងទៅនេះ ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៦។ លោកបានបន្តថា យើងមិនបានបញ្ឈប់ការបោះឆ្នោតណាមួយ នៅកម្ពុជាទេស្របពេលដែលក្នុងប្រទេសដទៃគឺបានបោះបង់ចោលការបោះឆ្នោតដោយសារសភាពការណ៍តម្រូវ ហើយកម្ពុជាក៏គ្មានការប្រកាសពន្យារការបោះឆ្នោតណាមួយនោះទេនេះហើយគឺជាកិច្ចដំណើរការធម្មតានៃដំណើរលទ្ធិប្រជាធិបតេយ្យកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយលោកសង្ឃឹមថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ បងប្អូនប្រជាជននឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកកម្ពុជាជាបន្តទៀត៕






0 comments