Wednesday, March 21, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ បាតុកម្មប្រឆាំងខ្ញុំគឺបង្ហាញនូវលទ្ធិប្រជាធិបតេយ្យ!

បន្ទាប់ពីទទួលបានជោគជ័យក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នាពេលថ្មីៗនេះរួចមក នៅនៅមុននេះបន្តិច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណជាពិសេសដល់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងនូវែលហ្សេឡង់ ដែលមកទទួលស្វាគមន៍វត្តមានរបស់លោកនៅប្រទេសអូស្ត្រាលី ហើយលោកក៏អរគុណផងដែរចំពោះពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីដែលមកធ្វើបាតុកម្មប្រឆាំងតវ៉ានឹងរូបលោក ដោយលោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «យើងក៏សូមអរគុណអ្នកដែលបានមកធ្វើបាតុកម្មប្រឆាំងខ្ញុំផងដែរ ដើម្បីបង្ហាញថា លទ្ធិប្រជាធិបតេយ្យវាបែបហ្នឹងឯង រួចហើយកម្លាំងដ៏តូចតាចមួយនេះ ក៏បង្ហាញឱ្យឃើញថា អ្នកគ្មានឱកាស កុំថាឡើយមកដល់ក្នុងប្រទេសកម្ពុជា សូម្បីតែអ្នកនៅក្រៅប្រទេសក៏អ្នកគ្មានឱកាសរកមនុស្សច្រើនជាងនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំប្រទេស មិនគ្រាន់តែដឹកនាំប្រទេសរយៈពេលជាង ៤០ឆ្នាំមកហើយនោះទេ តែត្រូវដឹកនាំប្រទេស ១០ឆ្នាំទៀតយ៉ាងតិច»។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងដូចនេះក្នុងឱកាស អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់ មកពីតំបន់រោងចក្រ ជ្រៃកោង រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា «ទៅហ្នឹង (អូស្ត្រាលី) មានរបស់ដែលគេហៅថា មហាបាតុកម្ម ប៉ុន្តែមហាបាតុកម្មមានមនុស្ស ១០០នាក់ ទល់ជាមួយមនុស្សជាង ១០០០នាក់ដែលមកគាំទ្រដូចជាយ៉ាប់ពេក អ្វីទៅដែលហៅថាមហាបាតុកម្ម? រួចអាថ្ងៃចុងក្រោយគេទៅធ្វើរួមគ្នា ធ្វើហ្នឹងមានឡាវ មានវៀតណាម មានភូមា មានថៃ មានហ្វីលីពីន រួចហើយឯងនេះ ទៅបន្លំទង់ជាមួយគេទៅថតឱ្យបានមនុស្សច្រើន នែករកស៊ីឱ្យវាស្អាតស្អំតិចមើល»។

គួររំលឹកផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅថ្ងៃទី ១៦-១៨ មីនា នៅទីក្រុង Sydney, ប្រទេស Australia និងបានដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាពនាយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ដោយជាលទ្ធផលនៃកិច្ចប្រជុំនេះ គឺទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន ជាពិសេសលើផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាអាស៊ាន និងអូស្រ្តាលី ដែលត្រូវបានពង្រឹងលើវិស័យជាច្រើនរួមទាំង ការវិនិយោគ ពាណិជ្ជកម្ម ការទប់ស្កាត់អំពើភេរវកម្ម ការជួញដូរមនុស្ស និងគ្រឿងញៀន ព្រមទាំងការរួមគ្នាថែរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោកផងដែរ។ ជាមួយគ្នានេះដែរ គឺរដ្ឋាភិបាលអូស្រា្តលី ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាផងដែរ ក្នុងនោះរួមទាំងការផ្តល់ជំនួយអភិវឌ្ឍដែលមានទឹកប្រាក់ ៨៧លានដុល្លារអូស្ត្រាលី ដល់កម្ពុជាទៀតផង។ ជាពិសេស លោកនាយករដ្ឋមន្ត្រី ក៏បានជួបបងប្អូនកូនក្មួយខ្មែរដែលកំពុងរស់នៅក្នុងប្រទេស New Zealand និង Australia និងបានបង្ហាញឱ្យពួកគេកាន់តែយល់ច្បាស់អំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...