កោះសន្ដិភាព
ខេត្តកណ្តាល៖ សេចក្តីរាយការណ៍បន្តឱ្យដឹងទៀតថា នៅល្ងាចថ្ងៃទី២០ មីនា លោកគឹម រត្ន័ណារិន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនឃាតកដៃឆៅកាប់សម្លាប់នារីជាសង្សារខ្លួនយ៉ាងសាហាវព្រៃផ្សៃ រួចញាត់ក្នុងធុងទឹកកកយកប្លុងចោលនោះ ដោយត្រូវដាក់ពន្ធនាគារបណ្តោះអាសន្នជាប់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ បទល្មើសនេះកំណត់ត្រូវផ្តន្ទាទោសជនជាប់ចោទជាប់ពន្ធនាគារអស់មួយជីវិត ។
ជនជាប់ចោទខាងលើ ឈ្មោះសឿ សុខផេង អាយុ៣១ឆ្នាំ មានទីលំនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដោយឡែក នារីរងគ្រោះឈ្មោះ យឿន ធានី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានឪពុកឈ្មោះ យិន យឿន អាយុ៦៨ឆ្នាំ និងម្តាយឈ្មោះ ផល សៀន អាយុ៦៤ឆ្នាំ ។
គួរបញ្ជាក់ដែរថា កាលពីវេលាម៉ោង០២ និង២៤នាទីរសៀលថ្ងៃទី១៦ មីនា កន្លងទៅនេះ នៅចំណុចគល់ស្ពានព្រែករូងទី២ ផ្នែកខាងលិចតាមបណ្តោយផ្លូវជាតិ លេខ៨ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់ណ្តាល ខេត្តកណ្តាល ប្រជាពលរដ្ឋអ្នកបើកម៉ូតូកង់បីបានប្រទះឃើញធុងទឹកកក ពណ៌ទឹកក្រូច ចំណុះ២០០លីត្រមួយចាក់សោរ រួចក៏បានរាយការណ៍ប្រាប់នគរបាលចរាចរណ៍ ដែលឈរនៅគោលដៅក្បែរនោះ ។

0 comments