បាត់ដំបង៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ លោក ហែម ថេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីប្រកាសបញ្ចូល សមាជិកសមាជិកាបក្សប្រជាជនកម្ពុជាថ្មីចំនួន១៥៣នាក់ ដែលពួគគេជាអតីតសកម្មជនមកពីអតីតបក្សប្រឆាំង នៅទីស្នាក់ការបក្សឃុំភ្នំសំពៅ ស្រុកបាណន់។
ពិធីនេះមានការចូលរួមពីប្រធាន អនុប្រធានគណបក្សស្រុកបាណន់ ប្រធាន អនុប្រធានគណបក្សឃុំ ក្រុមប្រឹក្សា ស្រុក ឃុំ សកម្មជន យុវជន សាខាបក្សភូមិ និងសមាជិក សមាជិកា បក្សមកពីភូមិទាំង១០សរុបជិត២០០នាក់។
លោកប្រធានក្រុមការងារបានអបអរសាទរ និងស្វាគមន៍អតីតសមាជិកគាំទ្របក្សប្រឆាំង១៥៣នាក់ ដោយរីករាយបំផុត ខណៈពួកគាត់បានយល់ច្បាស់ពីគោលនយោបាយដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាច្បាស់លាស់ ត្រឹមត្រូវ ហើយបានសម្រេចចិត្តមកចូលរួមរស់ជីវភាពនយោបាយជាមួយ CPP នៅឃុំភ្នំសំពៅ ស្រុកបាណន់ ដោយសារតែអតីតមេបក្សពួកគាត់ បានរួមគំនិតជាមួយបរទេសក្បត់ជាតិ រហូតត្រូវបានរំលាយបក្សចោល ដោយតុលាការកំពូល តាមច្បាប់គណបក្សនយោបាយរបស់ប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា «ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន ដែលមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្ស បានដឹកនាំ និងរៀបចំប្រទេសជាតិ មានសុខសន្តិភាព
ស្ថិរភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យបងប្អូនអតីតសមាជិកគាំទ្របក្សប្រឆាំង បានមើលឃើញពីគោលនយោបាយ ដ៏ត្រឹមត្រូវរបស់ CPP ក៏បានសម្រេចចិត្តមកចូលរួមរស់ជីវភាព នយោបាយជាមួយយើងជាលើកទី២បន្ថែមទៀត»។
លោកបានបន្តថា គោលនយោបាយ CPP បានដាក់ចេញនូវគោលនយោបាយថ្មីៗ តាមរយៈមហាសន្និបាតរបស់បក្ស ដែលជាទិសដៅធំធ្វើឲ្យការគ្រប់គ្រងការងារបក្សខេត្ត ស្រុក ឃុំ ភូមិ យកទៅអនុវត្តតាមស្ថានភាពជាក់ស្តែង នៅតាមមូលដ្ឋាន ក្នុងខ្លឹមសារមហាសន្និបាតមានចំណុចសំខាន់បំផុតមួយ គឺបានណែនាំថា គ្រប់ក្រុមការងារ គ្រប់ថ្នាក់ គ្រប់ផ្នែក សូមឲ្យខិតខំរួមសាមគ្គីគ្នាជាមួយសមាជិក សមាជិការបក្ស ទាំងអ្នកថ្មី និងអ្នកចាស់ គឺជាគ្រួសារតែមួយ នាំគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង្សតទៅ។ នៅក្នុងសន្និបាតបក្សលោកនាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ធ្ងន់ៗថា សុខសន្តិភាពនេះ គឺលោកបានខិតខំដណ្តើមយកវិញ បានដោយឆ្លងកាត់ឧបសគ្គ និងមានការលំបាកយ៉ាងខ្លាំង ទម្រាប់បានដូចសព្វថ្ងៃនេះ។ រយៈពេលកន្លងមក អតីតបក្សប្រឆាំង បានត្រឹមតែមានទស្សនៈវាយប្រហារមកលើរាជរដ្ឋាភិបាល ដោយលើកឡើងតែពាក្យដដែលៗ បំភ្លើសពីការពិត បានធ្វើរូបភាពសោកនាដកម្មក្លែងក្លាយ ប្រឌិតរឿងឡើង បង្កើតព្រឹត្តិការណ៍មួយ ដើម្បីសម្លាប់ព្រឹត្តិការណ៍មួយទៀត នេះជាសង្រ្គាមចិត្តសាស្រ្ត ជាមនោគមវិជ្ជាមួយ ពុំមានរូបរាងតែជាឧបាយកល ដែលមានគោលបំណងជាក់លាក់ ហើយបក្សប្រឆាំង បានធ្វើអ្វីៗខុសច្បាប់ ដោយមានការបង្គាប់បញ្ជាពីបរទេស ហើយបរទេសចង់បានឈរជើងនៅកម្ពុជា និងចង់ឲ្យកម្ពុជាវិលទៅរកភ្លើងសង្រាមវិញប៉ុណ្ណោះ។
លោកថា «នៅកម្ពុជាមានសុខសន្តិភាពពេញលេញហើយ គឺមិនអនុញ្ញាតឲ្យមានចលនាបដិវត្តពណ៍ខុសច្បាប់បានឡើយ និងមិនឲ្យមានបរទេសនិយមមកជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាបានឡើយ ពីព្រោះប្រជាពលរដ្ឋកម្ពុជា បានយល់ច្បាស់ពីសច្ចៈភាពប្រវត្តិសាស្រ្ត ដែលប្រទេសជាតិធ្លាប់ជួបវិនាសកម្មកន្លងមក ដោយសារតែនយោបាយបរទេសនិយមនេះឯង»។
ប្រធានក្រុមការងារបានអំពាវនាវ និងសំណូមពរទៅសមាជិកទាំងអស់ ឲ្យខិតខំប្រឹងប្រែងធ្វើការងារឲ្យបានល្អ ហើយសមាជិកថ្មីដែលទើបបានចូលថ្ងៃនេះ សូមជួយផ្សព្វផ្សាយ ដល់អ្នកមិនទាន់ចូលឲ្យគាត់បានយល់ច្បាស់ បន្តចូលមករួមរស់ជាមួយយើងបន្ថែមទៀត និងបើកទ្វារចំហរចាំស្វាគមន៍សមាជិកថ្មីបន្ថែមទៀតផងដែរ។
សមាជិកគណបក្សថ្មីទាំងអស់បានស្បថធ្វើសច្ចាប្រណិធាន និងធ្វើការប្តេជ្ញាចិត្តគាំទ្រ ដើរតាមគោលនយោបាយបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះដើម្បីសុខសន្តិភាព និងវឌ្ឍនភាពមូលដ្ឋានយើងទាំងអស់គ្នាតទៅ ៕






0 comments