លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការអំពាវឱ្យមានការចូលរួមពីស្រ្តីបន្ថែមទៀតក្នុងកិច្ចការងារមួយចំនួន ដូចជាក្នុងតំណែងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាដើម ប៉ុន្តែការដាក់មុខតំណែងដល់ស្ត្រីនោះ មិនគ្រាន់តែដាក់ដើម្បីតែបង្គ្រប់កិច្ចនោះទេ គឺត្រូវចូលរួមចំណែកយ៉ាងសកម្ម
ក្នុងកិច្ចការងារនោះផងដែរ។ លោកបានថ្លែងដូចនេះ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឱ្យមានការបណ្តុះបណ្តាលចំណេះដឹង ដល់ស្រ្តីបន្ថែមទៀត ដើម្បីពង្រឹងចំណេះដឹងស្ត្រីឱ្យបានកាន់តែខ្លាំងក្លា ហើយ ក្រសួងពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពង្រឹងនិតិរដ្ឋ ចូលរួម ថែរក្សាសន្តិភាព ទប់ស្កាត់ការជួញដូរកុមារ និងចូលរួមធ្វើអោយភូមិឃុំមានសុវត្ថិភាពជាដើម។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មិនត្រឹមតែតែងតាំងស្រ្តីនោះទេ ត្រូវប្រគល់ភារកិច្ចការងារ និងការសម្រេចចិត្តឱ្យពួកគេផង ដើម្បីឱ្យស្រ្តីមានឱកាសបានចូលរួមយ៉ាងផុសផុលនៅក្នុងគ្រប់ការងារទាំងអស់ប្រកបដោយប្រសិទ្ធភាព។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា បច្ចុប្បន្នស្ត្រីជាច្រើនបានទទួលឱកាសចូលរួម ក្នុងការងារស្ទើរគ្រប់វិស័យ ហើយត្រូវបានគាំទ្រ និងលើកទឹកចិត្ត តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់ឤចដល់ស្ត្រីឱ្យមានភាពរឹងមាំក្នុងជីវិត។ ជាក់ស្តែងយើងសម្រេចបានលទ្ធផលល្អប្រសើរច្រើន លើការងារលើកកម្ពស់ និងអភិវឌ្ឍស្ត្រីមាននៅតាមវិស័យមួយចំនួនដូចជា៖ នៅក្នុងវិស័យមុខងារសាធារណៈ
ក្នុងវិស័យនយោបាយ នៅក្នុងកងកម្លាំងប្រដាប់ឤវុធ និងស្រ្តីក្នុងមុខដំណែងជាឯកអគ្គរាជទូត និងមន្ត្រីការទូត។ ទន្ទឹមនោះ ស្ត្រីក្នុងប្រព័ន្ធតុលាការ បានកើនឡើងជាលំដាប់ក្នុងមុខដំណែងជាចៅក្រម ព្រះរាជឤជ្ញា ក្រឡាបញ្ជី ឤជ្ញាសាលា សារការី និងមេធាវី ។ ជាមួយនោះ កីឡាការិនីចូលរួមលេងកីឡាក៏បានកើនឡើង មិនតែបុណ្ណោះកម្ពុជា មានកីឡាការិនីបានទទួលមេដាយមាសជូនជាតិមាតុភូមិទៀតផង៕






0 comments