Tuesday, March 20, 2018

ក្រុងប្រវត្តិសាស្ត្រសៀមរាបត្រូវបានរៀបចំភ្លើងលម្អ ដើមី្បធ្វើឲ្យមានសោភ័ណភាពកាន់តែស្រស់ត្រកាលក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ

សៀមរាប៖ នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានចុះពិនិត្យការរៀបចំភ្លើងលម្អ ក្រុងប្រវត្តិសាស្ត្រសៀមរាបក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា ទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះជាលើកទី៦ហើយ ក្នុងការរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ដែលបានប្រព្រឹត្តទៅចំនួន ៥លើកមកហើយ ដែលធ្វើឲ្យមានកិត្តិសព្ទប្រពៃណីជាតិ បានលី្បល្បាញនៅលើពិភពលោក ព្រមទាំងទទួលបានជោគជ័យលើវិញ្ញាសារសំខាន់ៗ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តទៀតផង។

ក្នុងដំណើរត្រួតពិនិត្យនេះ ក៏មានការរួមដំណើរដោយ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញចុះធ្វើការត្រួតពិនិត្យ អំពីការតុបតែងភ្លើងលម្អ នៅតាមដងផ្លូវសាធារណៈ ទីប្រជុំជន ដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប និងការរៀបចំក្រាលការ៉ូ និង សួនច្បារនៅមុខព្រះរាជដំណាក់ផងដែរ។

ក្នុងការចុះត្រួតពិនិត្យនោះ លោកអភិបាលខេត្តក៏បានធ្វើការណែនាំដល់ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ត្រូវធ្វើការពន្លឿនក្នុងការរៀបចំធ្វើការក្រាលការ៉ូ នៅនឹងសួនច្បារសាធារណៈ ព្រមទាំងធ្វើការរៀបចំដាំស្មៅ ដើមផ្កាចម្រុះពណ៌ ក្នុងការលម្អនូវសោភ័ណភាពក្នុងក្រុងប្រវត្តិសាស្ត្រ ដែលមានកេរ្តិ៍ឈ្មោះលី្បល្បាញ ជាទីក្រុងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ជាមួយនេះដែរ ក្រុងសៀមរាប ដែលជាអតីតរាជធានីនៃអាណាចក្រខ្មែរសម័យរុងរឿងនៃអង្គរ ក៏បានទទួលជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០១៨-២០២០ និងបានក្លាយជាតំបន់គោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ក្រោមដំបូលនៃសន្តិភាព ដែលជាសមិទ្ធផល បានមកពីការស្វែងរកដោយការលំបាក និងមានលះបង់ខ្ពស់បំផុតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងនោះដែរ លោកអភិបាលខេត្តក៏បានជំរុញដល់ អនុគណៈកម្មការរៀបចំការងារតុបតែងលម្អភ្លើង ព្រមទាំងការធ្វើអនាម័យបរិស្ថាន នៅតាមទីកន្លែងសាធារណៈ ម៉្យាងទៀតក្រុមបច្ចេកទេស ការរៀបចំលម្អភ្លើង គឺត្រូវរៀបចំយ៉ាងណា ដើមី្បក្នុងការរំលេចនូវសោភ័ណភាពសម្រស់បៃតង នៅតាមដងស្ទឹង និងរុក្ខវិថីនានាក្នុងក្រុងនាពេលរាត្រីឲ្យកាន់តែធ្វើការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ជាពិសេសក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងចូលមកដល់នាពេលខាងមុខនេះ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨នេះ ក៏មានការអញ្ជើញចូលរួមពីឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិផងដែរ។

លោកក៏បានធ្វើការក្រើនរំលឹកដល់ អនុគណៈកម្មការរៀបចំការតុបតែងភ្លើងលម្អរ ត្រូវបង្កើនការយកចិត្តទុកដាក់លើការងាររបស់ខ្លួនឲ្យបានជាប្រចាំ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបច្ចេកទេសការតភ្ជាប់ចរន្ធភ្លើង កុំឲ្យមានការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងត្រូវធ្វើការផ្លាស់ប្តូររាល់អំពូលភ្លើង ដែលខូចដាច់ចេញផងដែរ។

ចុងក្រោយលោកអភិបាលខេត្ត បានដាក់នូវបទបញ្ជាដល់អាជ្ញាធរក្រុងសៀមរាប ក្នុងការរៀបចំនូវបរិស្ថាន អនាម័យ តាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដងវិថីនានា សំខាន់នៅជុំវិញបរិវេណព្រះវិហារព្រះអង្គចេកព្រះអង្គចម ក៏ដូចនៅតាមដងស្ទឹង និងសួនច្បាប់ ដែលជាទីតាំងដ៏មានសារៈសំខាន់នៅក្នុងពិធីអង្គរសង្រ្កាន្តនាថ្ងៃខាងមុខផងដែរ៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...