ថ្លែងក្នុងជំនួបកាលពីថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងរីករាយចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មចិនដែលចាប់អារម្មណ៍ចំពោះសក្តានុពលរបស់ខេត្តព្រះសីហនុ និងបានសម្លឹងមើលខេត្តព្រះសីហនុសម្រាប់ជាទិសដៅសំខាន់ក្នុងការវិនិយោគ។ លោក យន្ត មីន បានស្វាគមន៍រាល់ការវិនិយោគមកពីគ្រប់ទិសទីទាំងអស់មិនថាប្រទេសចិនឬប្រទេសណាទេ។
លោក យន្ត មីន បានថ្លែងប្រាប់គណៈប្រតិភូថា ខេត្តព្រះសីហនុ គឺជាខេត្តបំពង់កសេដ្ឋកិច្ចហើយត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជាតំបន់ឧស្សាហកម្មគម្រូពហុបំណងតែមួយគត់របស់កម្ពុជា។ ជាទិសដៅការអភិវឌ្ឍន៍រយៈពេលវែង ខេត្តគ្រោងនឹងបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍និងវិនិយោគ សម្រាប់ធ្វើឱ្យកាន់តែមានការទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនចូលមកកាន់តែច្រើនថែមទៀត។ លោកក៏បានរំលេចឱ្យក្រុមអ្នកវិនិយោគទាំងឡាយគួរងាកមកចាប់អារម្មណ៍លើវិស័យពីរដែលកំពុងលេចធ្លោរជាងគេក្នុងពេលនេះគឺវិស័យឧស្សាហកម្មនិងវិស័យទេសចរណ៍។ លោករំពឹងថាទៅថ្ងៃខាងមុខ ខេត្តព្រះសីហនុនឹងក្លាយទៅជាគោលដៅដ៏សំខាន់សម្រាប់អ្នកវិនិយោគមកពីគ្រប់កន្លែង និងទេសចរជាតិ អន្តរជាតិផងដែរ។
លោក ជិន ឈីងតាវ (CHEN QINGTAO) បានឱ្យដឹងថា ឆ្លងតាមរយៈទំនាក់ទំនងវប្បធម៌ និង នយោបាយល្អប្រសើរជាមួយគ្នាជាយូរមកហើយរវាងកម្ពុជា-ចិន លោកមានជំនឿថា សម្ព័ន្ធភាពកម្ពុជា-ចិន នឹងកាន់តែរឹងមាំថែមទៀតដើម្បីជំរុញការវិនិយោគឱ្យកាន់តែខ្លាំងក្លា។ លោកបន្តថា នៅខែមេសាឆ្នាំ២០១៨ខាងមុខនេះ សភាពាណិជ្ជកម្មចិន នឹងបង្កើតវេទិកាវិនិយោគមួយនៅទីក្រុងភ្នំពេញដើម្បីទាក់ទាញអ្នកវិនិយោគឱ្យងាកមកសំឡឹងមើលខេត្តព្រះសីហនុជាគោលដៅវិនិយោគឱ្យបានកាន់តែធំថែមទៀត។ ក្នងឱកាសនេះដែរ ក្រុមប្រតិភូក៏មានបំណងចង់វិនិយោគលើគម្រោងបង្កើតថាមពលអគ្គីសនីដោយប្រើថាមពលខ្យល់សមុទ្រនៅខេត្តព្រះសីហនុផងដែរ។
គួរបន្ថែមថា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ ប្រតិភូសភាពាណិជ្ជកម្មចិនគ្រោងជួបថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងសិប្បកម្មដើម្បីពិភាក្សាបន្តទៀត ហើយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ គ្រោងនឹងជូបពិភាក្សាបន្តទៀតជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ផងដែរ៕




0 comments