លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាស៊ីន អឹម អ អាយ (MRI) និងម៉ាស៊ីនឆ្លុះក្រពះទំនើបថ្មី ដែលមាននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
គួរបញ្ជាក់ថា ដោយការរីកចម្រើនផ្នែកបច្ចេកវិទ្យាកាន់តែជឿនលឿន មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ សហការជាមួយអ្នកវិនិយោគក្រុមហ៊ុន XGY ប្រទេសចិន បានបំពាក់ម៉ាស៊ីន អឹម អ អាយ (MRI) និងម៉ាស៊ីនឆ្លុះក្រពះ ទំនើបថ្មី ព្រមទាំងបន្ទប់ប្រតិបត្តិការម៉ាស៊ីនតាមស្តង់ដារវេជ្ជសាស្ត្រសាកល។ ម៉ាស៊ីនអឹម អ អាយ ថ្មីនេះ គឺជាម៉ាស៊ីនស្កែនរូបភាព ដោយប្រើដែនម៉ាញ៉េទិក មានសមត្ថភាពខ្ពស់ក្នុងការស្កែនលើគ្រប់សរីរាង្គមនុស្សបានឆាប់រហ័សផ្តល់រូបភាពកាន់តែច្បាស់ល្អ និងលម្អិតជាអតិបរិមា។
ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត ក៏បានបន្តទទួលដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋមួយចំនួនដែលបានមកសុំអន្តរាគមន៍នៅសាលាខេត្តពោធិ៍សាត់ ដែលកាយវិការនេះគឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តចំពោះប្រជាពលរដ្ឋម្ចាស់ឆ្នោត៕
0 comments