(ភ្នំពេញ)៖ រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅខេត្តកំពត ដែលបានវិនិយោគជាមួយទឹកប្រាក់រហូតដល់ ២៦២លានដុល្លារសហរដ្ឋអាមេរិក របស់ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) ត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ពិធីអបអរសាទរនៃការបើកដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំនៅកម្ពុជានេះ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ ពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុន និងប្រជាពលរដ្ឋសរុបប្រមាណជា ៧ពាន់នាក់។
ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) ត្រូវបានប្រសូតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ជាមួយទុនវិនិយោគប្រមាណ ២៦២លានដុល្លារអាមេរិក ដែលជាវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីបម៉ុងគ្រុប ដែលជាក្រុមហ៊ុនធំមួយ និងមានកេរិ៍តឈ្មោះល្បីរន្ទឺទូទាំងប្រទេស និងមានបទពិសោធន៍ជាង ៣០ឆ្នាំ ក្នុងវិស័យសំណង់ និងចែកចាយលើទីផ្សារ និង ក្រុមហ៊ុនថៃ ស៉្យាម ស៊ីធី ស៊ីមេន ដែលជាក្រុមហ៊ុនដ៏ធំសម្បើម មានបទពិសោធន៍ជាង ៥០ឆ្នាំក្នុងវិស័យផលិតស៊ីម៉ងត៍ និងមានរោងចក្រផលិតស៊ីម៉ងត៍ជាច្រើននៅប្រទេសថៃឡង់ បង់ក្លាដេស ស្រីលង្កា និងវៀតណាម។
ការវិនិយោគនេះ ក្រុមហ៊ុន ជីបម៉ុងគ្រុបដាក់ទុនវិនិយោគ ៦០ភាគរយ រីឯក្រុមហ៊ុន ថៃ ស៉្យាម ស៊ីធី ស៊ីមេន ដាក់ទុន ៤០ភាគរយ។ ការវិនិយោគរួមគ្នានេះ បានធ្វើឲ្យវត្តមានរោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន ដ៏ទំនើប និងទាន់សម័យនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍បាន ៥០០០តោនក្នុងមួយថ្ងៃ ឬ ១.៧លានតោនក្នុងមួយឆ្នាំ ហើយជារោងចក្រផលិតស៊ីម៉ងត៍ធំជាងគេមួយ នៅក្នុងខេត្តកំពត ប្រកបដោយស្តង់ដាខ្ពស់ បំពាក់ដោយឧបករណ៍ និងគ្រឿងម៉ាស៊ីនទំនើបទាន់សម័យ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតមកពីប្រទេសចិន អាលឺ្លម៉ង់ ស៊ុយអែត និងអ៊ីតាលី ដែលធ្វើឲ្យការបញ្ចេញឧស្ម័នកាបូនកាបូនិច មានកម្រិតទាបបំផុត និងមានបទដ្ឋានបរិស្ថានល្អ កម្រិតអន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បានឲ្យដឹងថា គំនិតផ្តូចផ្តើមបង្កើតរោងចក្រនេះ គឺកើតចេញពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់លោកស្រីឧកញ៉ា ភាព ហៀក ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីបម៉ុងគ្រុបដែលមានកំណើតតាំងពីឆ្នាំ១៩៨២ ដែលជាស្នាដៃ និងញើសឈាមរបស់លោកស្រីផ្ទាល់ រួមទាំងបុត្រាបុត្រីទាំងអស់។ ចក្ខុវិស័យរបស់លោកស្រី គឺស្របតាមមាគ៌ាដឹកនាំ និងយុទ្ធសាស្ត្រចតុកោណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងស្របទៅតាមស្ថានភាពនាពេលបច្ចុប្បន្ន ដែលកំពុងត្រូវការស៊ីម៉ងត៍ ជាចាំបាច់ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គ្រប់ប្រភេទ។
នៅថ្ងៃ២១ ខែមីនា ឆ្នាំ២០១៦ ការប្រារព្ធពិធីបញ្ចុះបឋមសិលាត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង ២០០០នាក់ ហើយដំណើរការសាងសង់រោងចក្រត្រូវបានចាប់ផ្តើមនៅលើផ្ទៃដីប្រមាណជាង ១១០ហិកតា មានទីតាំងស្ថិតនៅភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពី ទីក្រុងភ្នំពេញ និងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣១។
នៅថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ ស៊ីម៉ងត៍ដែលមានគុណភាពខ្ពស់ និងប្រកបដោយស្តង់ដា ត្រូវបានផលិត ដោយប្រើប្រាស់វត្ថុធាតុដើមល្អៗនៅក្នុងប្រទេស រូមមានថ្មកំបោរ ដីក្រហម ដីឥដ្ឋ និងបុកសាយ ចំនែកឯម្នាងសិលាត្រូវបាននាំចូលពីប្រទេសថៃ។ ស៊ីម៉ងត៍ដែលបានផលិតចេញពីរោងចក្រ ចែកចេញជាបីប្រភេទ គឺស៊ីម៉ងត៍អូដ្ឋ ពណ៌ទឹកក្រូច មានគុណភាពល្អ សក្តិសមសំរាប់សំណង់រឹងមាំល្អ ក៏ដូចជាការប្រើប្រាស់ក្នុងគោលបំណងទូទៅ។ រីឯស៊ីម៉ងត៍អូដ្ឋ ពណ៌បៃតង មានគុណភាពពិសេស និងល្អបំផុតសំរាប់ការងារបូកសំអាត ចំពោះស៊ីម៉ង ត៍ឥន្ទ្រីយ៍ពេជ្រវិញ មានគុណភាពខ្ពស់ និងមានមុខងារទូទៅ ហើយត្រូវបានលក់ទៅឲ្យអតិថិជនជាឡានពោង សំរាប់ទីផ្សារអាជីវកម្មពីមួយទៅមួយ។
ក្រុមហ៊ុនក៏បានបង្ហាញចក្ខុវិស័យរួមគ្នាសម្រាប់ការអភិវឌ្ឍន៍រោងចក្រផលិតស៊ីម៉ង់ត៍ផងដែរ។ ក្រុមហ៊ុនបានអះអាងថា ការធ្វើវិនិយោគទុនរួមគ្នាជាយុទ្ធសាស្រ្តរវាងក្រុមហ៊ុន ជីបម៉ុង គ្រុប និង ក្រុមហ៊ុនថៃ ស៉្យាម ស៊ីធី ស៊ីមេន បូកបញ្ចូលទាំងបទពិសោធន៍សរុបជិតមួយសតវត្សរ៍ របស់ក្រុមហ៊ុនទាំងពីរ បានទាក់ទាញក្រុមជំនាញនៅគ្រប់តំបន់ដែលមានឯកទេស និងបទពិសោធន៍ដ៏សន្ធឹកសន្ធាប់ក្នុងការផលិតស៊ីម៉ងត៍ អោយមកចាប់ដៃធ្វើការជាមួយគ្នា រួចហើយចែករំលែកបទពិសោធន៍ និងចំណេះដឹងទាំងអស់នេះទៅអោយបុគ្គលិកជនជាតិខ្មែរ ដែលកំពុងធ្វើការនៅរោងចក្រផលិតស៊ីម៉ងត៍ដ៏ទំនើបនិងទាន់សម័យមួយនេះ។
គួរបញ្ជាក់ដែរថា ការចាប់ដៃសហការណ៍គ្នាជាយុទ្ធសាស្រ្តនេះ នឹងធ្វើឲ្យរោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៉ិនស៊ី ស៊ីមេន ដែលមានបទ ដ្ឋានខ្ពស់ បំពាក់ដោយគ្រឿងបរិក្ខារ ឧបករណ៍ និងគ្រឿងម៉ាស៊ីន ដែលប្រើបច្ចេកវិទ្យាចុងក្រោយបំផុតមកពីប្រទេសអាលឺ្លម៉ង់ ស៊ុយអែត និងប្រទេសចិន និងមានការបញ្ចេញឧស្ម័នកាបូនកាបូនិចកម្រិតទាបបំផុត ប្រកបដោយបទដ្ឋានបរិស្ថានល្អកំរិតអន្តរជាតិ ក្លាយទៅជារោងចក្រផលិតស៊ីម៉ងត៍នាំមុខគេនៅកម្ពុជាលើផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាផលិតស៊ីម៉ងត៍ ការពារបរិស្ថាន ការបណ្តុះបណ្តាល បុគ្គលិក និងជាអ្នកផ្គត់ផ្គង់ស៊ីម៉ងត៍ដែលមានគុណភាពល្អបំផុតដល់ទីផ្សារកម្ពុជា ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន៕
0 comments