រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលក្បាលកោះធ្វើការឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ក្រោយរូបគេធ្វើសកម្មភាពរំលោភសេពសន្ថវៈលើបងថ្លៃជីដូនមួយបានសម្រេច កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលផ្លូវបេតុង ស្ថិតក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ សួស ប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករដឹកទឹកកក ស្នាក់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ដោយឡែកនារីរងគ្រោះមានឈ្មោះ ស.ហ.ក អាយុ២១ឆ្នាំ ។
តាមប្រភព័ត៌មានឱ្យដឹងថា នៅវេលាម៉ោង៦ល្ងាចថ្ងៃកើតហេតុនារីរងគ្រោះកំពុងសម្រាកនៅផ្ទះជាមួយក្មួយប្រុសអាយុ៦ឆ្នាំ ខណៈនោះជនសង្ស័យជាប្អូនថ្លៃជីដូនមួយបានមកលេងដល់បន្ទប់ជួលដោយរូបគេបានយកក្មួយប្រុសដែលកំពុងសម្រាកជាមួយនារីរងគ្រោះ ទៅខាងក្រៅដោយប្រាប់ជនរងគ្រោះថា នាំក្មួយទៅដើរលេង ។ ពេលឌុបក្មួយប្រុសតាមម៉ូតូជនសង្ស័យបានឌុបគេទៅទុកនៅផ្ទះរបស់ខ្លួនហើយខ្លួនត្រឡប់មកកាន់បន្ទប់ផ្ទះជួលនារីរងគ្រោះវិញ រួចក៏ធ្វើសកម្មភាពចាប់រំលោភតែម្តង ដោយពេលនោះជនសង្ស័យបានគម្រាមជនរងគ្រោះមិនឱ្យស្រែក បើពុំដូច្នោះទេ រូបគេនឹងសម្លាប់បំបិទមាត់ ។
តាមការរៀបរាប់របស់ជនរងគ្រោះឱ្យដឹងថា ខ្លួនត្រូវជនសង្ស័យជាប្អូនថ្លៃជីដូនមួយរំលោភបានសម្រេច២លើកមកហើយ បើគិតទាំងលើកក្រោយនេះ ប៉ុន្តែនាងមិនហ៊ាននិយាយប្រាប់អ្នកណា ដោយសារតែការគំរាមរបស់បុរសជាប្អូន ។ លុះមកទល់នឹងថ្ងៃទី០៩ ខែឆ្នាំដដែល ជនរងគ្រោះបានសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលមូលដ្ឋានរៀបរាប់ពីដំណើររឿងដែលបានកើតឡើងជូនសមត្ថកិច្ច ទើបសមត្ថកិច្ចឈានទៅឃាត់ខ្លួនជនសង្ស័យដល់ផ្ទះតែម្តង ។
មន្ត្រីសមត្ថកិច្ចឱ្យដឹងក្រោយការឃាត់ខ្លួននគរបាលបានធ្វើតេស្តទឹកនោមជនសង្ស័យ ដើម្បីរកសារធាតុញៀនក្នុងខ្លួនឃើញថា ជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀនហួសកម្រិត ។ យ៉ាងណាមិញ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់ ៕
0 comments