លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ តំណាងលោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតិឱ្យ លោកស្រីបណ្ឌិត Eva Hager ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដឹកនាំគណៈប្រតិភូធុរកិច្ច
ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នាទីស្តីការក្រសួងផែនការ ។
លោកស្រីបណ្ឌិត បានមានប្រសាសន៍ថា ដោយមើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័ស របស់កម្ពុជា ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ហើយចូលរួមអបអរសាទរចំពោះកម្ពុជាដែលសម្រេចបានសមិទ្ធផលធំៗជាច្រើន ដូចជាកំណើនសេដ្ឋកិច្ចខ្ពស់ ការកាត់បន្ថយភាពក្រីក្រ និងមរណភាពមាតា កុមារ ទារក ដូច្នេះហើយរដ្ឋាភិបាលអូទ្រីស មានបំណងផ្តល់ហិរញ្ញប្បទានហិរញ្ញវត្ថុ ជួយដល់កម្ពុជា ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនទ្វេរឡើងថែមទៀត។ លោកស្រីបានដឹកនាំគណៈប្រតិភូធុរកិច្ច មកសិក្សាស្វែងយល់ ពីឱកាសវិនិយោគនៅកម្ពុជា ដើម្បីបណ្តាក់ទុនវិនិយោគលើវិស័យធំៗចំនួន៣រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វិស័យធនាគារ (ផ្តល់ហិរញ្ញប្បទានសម្បទាន និងហិរញ្ញប្បទានពាណិជ្ជកម្ម ដោយមិនយកការប្រាក់ក្នុងរយៈពេល១២ឆ្នាំ និងសងត្រឡប់វិញក្នុងរយៈពេល២៦ឆ្នាំ) និងវិស័យសុខាភិបាល ។
លោក ហ៊ូ តាំងអេង បានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាលអូទ្រីស ដែលបានមើលឃើញយ៉ាងជាក់ច្បាស់អំពីស្ថានភាព ការរីកចម្រើនរបស់ កម្ពុជា នាពេលបច្ចុប្បន្ន និងការបង្កើនឡើងទាំងវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ វត្តមានរបស់លោកស្រី និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ សបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលអូទ្រីស ដែលមានបំណងកិច្ចសហការជាមួយកម្ពុជាតាមរយៈអ្នកវិនិយោគទុនធំៗរបស់អូទ្រីស មកកម្ពុជា ៕




0 comments