លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងក្លាយទៅជាគោលដៅទេសចរណ៍ ដែលផ្តល់ភាពកក់ក្តៅនិងភាពទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរស់រវើកស្របជាមួយនឹងស្នាមញញឹមរួសរាយរាក់ទាក់រស់រវើករបស់បងប្អូនប្រជាជនយើងដូចដែលយើងបានចាត់
ទុកថា «កម្ពុជាជាព្រះរាជាណាចក្រប្រកបដោយស្នាមញញឹម» និងចូលរួមកសាងកេរ្តិ៍ឈ្មោះ និងកិត្តិនាមកម្ពុជា យ៉ាងខ្ពស់ត្រដែតរឹងមាំ និងគង់វង្សយូរអង្វែង ស័ក្តិសម «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ» លើឆាកអន្តរជាតិ។
លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារទេចរណ៍ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាទីក្រុងស្អាតក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទាំងអស់គ្នា និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ស្នាដៃនិងលទ្ធផលទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងតួនាទីដ៏មានតម្លៃក្នុងវិស័យសាធារណៈ និងការចូលរួមចំណែកយ៉ាងសំខាន់ពីវិស័យឯកជន និងបងប្អូនប្រជាជននៅក្នុងចលនារួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព និងការទទួលខុសត្រូវដូចជាការរៀបចំចលនា ប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ នេះជាដើម៕






0 comments