(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន គួរតែមកបន្តអង្គុយចរចាគ្នាឡើងវិញ ជុំវិញការរិះរកវិធានការទប់ស្កាត់ និងការពារគ្រាប់មីស៊ីល ក្រោយពីខានបានជួបសន្ទនាគ្នាអស់រយៈពេលជាយូរណាស់មកហើយ អំពីរឿងដ៏សំខាន់នេះ ជាមួយរវាងមហាអំណាចយោធា កំពូលៗលើលោកទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមសារព័ត៌មានដ៏ល្បីមួយរបស់រុស្ស៊ី Izvestia អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ រីយ៉ូបកូវ (Sergey Ryobkov) បានថ្លែងក្នុងបទសម្ភាសន៍មួយថា «ខ្ញុំសូមធ្វើការសង្កត់ធ្ងន់ជាខ្លាំង ចំពោះភាពកាន់តែស្មុគស្មាញ នៃបញ្ហាការពារមីស៊ីល ហើយសូមឲ្យខ្ញុំរំលឹកដល់អ្នកថា ទំនាក់ទំនងដែលមិនអាចបំផ្លិចបំផ្លាញបាន រវាងអាវុធវាយប្រហារជាយុទ្ធសាស្រ្ត និងការពារខ្លួនពីមីស៊ីល ត្រូវបានកត់សម្គាល់ទុកនៅក្នុងសេចក្តីផ្តើមនៃសន្ធិសញ្ញាសព្វថ្ងៃនេះ ដែលហៅកាត់ថា START ស្តីពីការកាត់បន្ថយការប្រើប្រាស់សព្វាវុធ វាយប្រហារជាយុទ្ធសាស្រ្ត»។
លោក Ryobkov បានបន្ថែមថា អស់រយៈពេលជាយូរណាស់មកហើយ ពុំមានកិច្ចសន្ទនាជាក់លាក់ និងច្បាស់ការណាមួយ ត្រូវបានធ្វើឡើងនោះឡើយ ជាមួយនឹងសហរដ្ឋអាមេរិក ខណៈឥឡូវវាដល់ពេលហើយ ដែលកិច្ចពិភាក្សាគ្នា ត្រូវបានចាប់ផ្តើមឡើងវិញ។
គួររំលឹកថា ដោយចូលជាធរមានកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១១ កិច្ចព្រមព្រៀង START ថ្មី តម្រូវឲ្យសហរដ្ឋអាមេរិក និងរុស្ស៊ី កាត់បន្ថយចំនួននៃការប្រើប្រាស់អាវុធវាយប្រហារជាយុទ្ធសាស្រ្ត ពោលគឺមីស៊ីលផ្លោងជាដើម ដោយវាត្រូវគេរំពឹងថានឹងមានសុពលភាពដល់ឆ្នាំ២០២១ ជាមួយនិងលទ្ធភាពដែលថា វាអាចបន្ថែម ០៥ឆ្នាំ ពីលើថែមទៀត៕
0 comments