(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌានឹងបើកកិច្ចពិភាក្សាចរចា ជាមួយភាគីអ៊ីស្រាអែល ដើម្បីទិញយកមីស៊ីលប្រដេញប្រឆាំងរថក្រោះ «Spike» នៅក្នុងរដ្ឋធានីញូដេលី នាថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមសារព័ត៌មាន Hindustan Times ដែលបានស្រង់សម្តីពីមន្រ្តីរដ្ឋាភិបាលឥណ្ឌា លេខាធិការនៃក្រសួងការពារជាតិឥណ្ឌា លោក សាន់ជេយ មីត្រា (Sanjay Mitra) នឹងជួបចរចាជាមួយសមភាគីអ៊ីស្រាអែល លោក យុឌី អាដាម (Udi Adam) នៅក្នុងកិច្ចព្រមព្រៀងមួយ ដើម្បីទិញមីស៊ីល Spike ដល់ទៅចំនួន ៣,០០០គ្រាប់ ដែលផលិតឡើងដោយក្រុមហ៊ុនអ៊ីស្រាអែល Rafael Advanced Defense System។
គួរជម្រាបថា កាពីខែវិច្ឆិកាឆ្នាំទៅ ឥណ្ឌាបានលុបចោលគម្រោងតម្លៃជិតមួយពាន់លានដុល្លារ ក្នុងការប៉ុនប៉ងទិញយកមីស៊ីល Spike ប្រទេសអ៊ីស្រាអែល។ បើតាមសេចក្តីរាយការណ៍ព័ត៌មានកាលនោះ កិច្ចព្រមព្រៀងត្រូវបានលុបចោល គឺដើម្បីជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតសព្វាវុធការពារជាតិក្នុងស្រុក នៅក្រោមកិច្ចផ្តួចផ្តើម «ផលិតនៅឥណ្ឌា» របស់នាយករដ្ឋមន្រ្តី លោក ណារិនដ្រា ម៉ូឌី (Narendra Modi)។ ម៉្យាងវិញទៀតកាលពីឆ្នាំ២០១៧ ឥណ្ឌា ក៏បានទទួលជោគជ័យ ក្នុងការធ្វើតេស្តមីស៊ីលកម្ទេចរថក្រោះ Nag ដែលផលិតដោយផ្ទាល់ដៃ ដោយប្រើការចំណាយអស់ ៤៦.៨លានដុល្លារអាមេរិកផងដែរ៕
0 comments