Tuesday, February 27, 2018

ប្រធានថ្មីមន្ទីរពេទ្យគន្ធបុប្ផា ថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបង្កើតមូលនិធិគន្ធបុប្ផានៅកម្ពុជា


លោក Peter Studer ប្រធានថ្មីនៃមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ជំនួសលោក Beat Richner បានថ្លែងអំណរគុណ ដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានបង្កើតមូលនិធិគន្ធបុប្ផានៅកម្ពុជា ដើម្បីកៀរគរថវិកាពីសប្បុរសជន ជួយទ្រទ្រង់មន្ទីរពេទ្យ ក៏ដូចជាជួយ
ដល់កុមារ និងស្ដ្រីមានផ្ទៃពោះនៅកម្ពុជា។

ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម របស់លោក Peter Studer ជាមួយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នាទីស្ដីការក្រសួង។

លោក Peter Studer បានថ្លែងទៀតថា លោកពិតជារីករាយស្វាគមន៍ នូវការចូលរួមចំណែកប្រមូលធនធានឲ្យកាន់តែច្រើន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ពិសេសគឺជួយឧបត្ថម្ភថវិកាប្រមាណ១៥លានដុល្លារ ក្នុងឆ្នាំ២០១៨នេះ និងបន្ដនៅឆ្នាំក្រោយៗទៀត របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។

លោកបន្ដថា លោកនឹងខិតខំប្រឹងប្រែងដូចគ្នា ក្នុងការកៀរគរសប្បុរសជននៅក្រៅប្រទេស ដើម្បីប្រមូលថវិកាមកជួយដល់កុមារ និងស្ដ្រីមានផ្ទៃពោះនៅកម្ពុជា ឲ្យបានកាន់តែប្រសើរថែមទៀត រួមទាំងសហការជួយក្រសួងសុខាភិបាលម្ពុជា ដើម្បីជួយសង្គ្រោះដល់កុមារ និងស្ដ្រីឲ្យបានទាន់ពេលវេលាផងដែរ។

ទន្ទឹមនឹងនោះ លោក ម៉ម ប៊ុនហេង បានថ្លែងផងដែរថា ក្រសួងនឹងសហការជានិច្ច ក្នុងការចូលរួមលើកកម្ពស់ សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា លើសពីនោះ នឹងស្វែងរកសប្បុរសជនជិតឆ្ងាយ ដើម្បីប្រមូលថវិកាឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ លោក ក៏បានថ្លែងអំណរគុណដល់សប្បុរសជាតិ-អន្ដរជាតិ ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់មន្ទីរពេទ្យគន្ធបុប្ផាកន្លងមក ហើយក៏ស្នើដល់ដល់ម្ចាស់ជំនួយទាំងអស់ សូមបន្ដឧបត្ថម្ភជាបន្ថែមទៀតផងដែរ។

គួររម្លឹកថា កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្ដេជ្ញាយ៉ាងមុតមាំថា រាជរដ្ឋាភិបាលត្រូវតែបន្ដឲ្យមន្ទីរពេទ្យគន្ធបុប្ផារស់ ជាមួយនឹងការផ្ដល់ចំណែក កាន់តែធំទៅមន្ទីរពេទ្យ មានមូលនិធិគន្ធបុប្ផានៅស្វីសមួយហើយ តែលោកនឹងបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជាមួយទៀត ហើយលោកនឹងធ្វើជាប្រធានកិត្តិយស ដើម្បីប្រមូលធនធានឲ្យកាន់តែច្រើនសម្រាប់ឲ្យមន្ទីរពេទ្យគន្ធបុប្ផា ដែលព្យាបាលចំនួនកុមារយ៉ាងច្រើន មិនត្រូវថាបាត់លោក Beat Richner មួយ មន្ទីរពេទ្យគន្ធបុប្ផាត្រូវដួលរលំនោះទេ។

សូមជម្រាបថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០១៧ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលមន្ទីរពេទ្យគន្ធបុប្ផា បានបើកទ្វារផ្តល់សេវាព្យាបាលកុមារមានជំងឺ និងស្រ្តីមានផ្ទៃពោះ។ រយៈពេល២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្រ្តីមានផ្ទៃពោះសរុប ១៦,៨២២,២២៥ករណី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា រយៈពេល២៥ឆ្នាំនេះ ខ្លួនចំណាយថវិកាសរុប ៦៣២លានដុល្លារ។ ២៥ឆ្នាំនេះ កុមារមានជម្ងឺធ្ងន់ធ្ងរចំនួន ១,៨៥៣,៥១០ករណី ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយស្រ្តីមានផ្ទៃពោះ ២៤៥,៥៩១នាក់ បានសម្រាលកូននៅមន្ទីរពេទ្យសម្ភពនៃមន្ទីរពេទ្យជ័យវរ័្មនទី៧ (គន្ធបុប្ផាទី៣) ៕



Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...