Credit: Cambo Space
(អង់គ្លេស)៖ បំណែកនៃស្ថានីយអវកាសចិន Tiangong-1 នឹងធ្លាក់មកលើផ្ទៃផែនដី នៅអំឡុងពាក់កណ្តាលឆ្នាំ២០១៨ នេះហើយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រចិន បានចេញមុខមកធានាយ៉ាងច្បាស់លាស់ថា វានឹងមិនបង្កផលប៉ះពាល់ដល់សុវត្ថិភាព របស់មនុស្សលោកនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ Daily Mail របស់អង់គ្លេស នារសៀលថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។
បំណែកយានឈ្មោះ Tiangong-1 ឬមានន័យថា Heavenly Palace 1 (រាជវាំងឋានសួគ៌) ត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាស កាលពីឆ្នាំ២០១១ ដែលវាត្រូវបានចាត់ទុកជាមន្ទីរពិសោធន៍អវកាសលើកដំបូងបំផុតរបស់មហាយក្សចិន ដោយបាននាំយកនូវឧបករណ៍សម្រាប់តភ្ជាប់បណ្តាញ និងរក្សាគន្លងគោចរ។ វាស្ថិតនៅក្នុងមហិច្ឆតាដ៏ធំរបស់ចិន ក្នុងការបង្កើតស្ថានីយអវកាសអចិន្ត្រៃយ៍ដោយខ្លួនឯង នៅទីអវកាសនៅក្នុងឆ្នាំ២០២៣។
តាមពិតទៅយាន Tiangong-1 ត្រូវបានចិនគ្រោងបំផ្លុងចោលតាំងតែពីឆ្នាំ២០១៣មកម្ល៉េះ ប៉ុន្តែចិននៅតែបន្តពន្យាពេល នៃបេសកកម្មរបស់វាបន្ថែមទៀត។ Tiangong-1 ត្រូវបានគេរំពឹងថា អាចធ្លាក់មកចូលបរិយាកាសផែនដី តាំងតែពីចុងឆ្នាំ២០១៧ ហើយអ្នកវិទ្យាសាស្ត្របរទេសមួយចំនួនបានបង្ហាញការព្រួយបារម្ភថា វាអាចគ្រប់គ្រងលែងបានទៅហើយ ដោយអាចធ្លាក់ចុះមកចំគ្រប់ទីតាំងទាំងអស់ នៅលើភពផែនដី។
លោក Zhu Congpeng មន្ត្រីជំនាញជាន់ខ្ពស់របស់ចិនបានលើកឡើងថា «ស្ថានីយ៍អវកាសខាងលើនេះ មិនបានបាត់បង់ការគ្រប់គ្រងនោះឡើយ ហើយវាក៏នឹងមិនបង្កឲ្យប៉ះពាល់សុវត្ថិភាព និងបរិស្ថាននោះដែរ»។ មន្ត្រីវិស្វករជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ថា Tiangong-1 នឹងត្រូវបញ្ជាឲ្យធ្លាក់មកលើភពផែនដី យ៉ាងហោចណាស់នៅពាក់កណ្តាលឆ្នាំ២០១៨។
គួរបញ្ជាក់ថា អ្វីដែលចិនអាចបញ្ជាក់បាននោះ គឺ Tiangong-1 នឹងត្រូវបញ្ជាឲ្យធ្លាក់ចូលទៅក្នុងផ្ទៃមហាសមុទ្រ ដូច្នេះផលប៉ះពាល់ដល់សុវត្ថិភាពរបស់មនុស្ស គឺគ្មានទាល់តែសោះ។ ប្រទេសចិនធ្លាប់បានធ្វើការពន្យាម្តងដែរ កាលពីខែកញ្ញា ឆ្នាំ២០១៧ សម្រាប់ការទម្លាក់ Tiangong-1 ចុះមកផែនដី ព្រោះខ្លួនត្រូវការពេលកំណត់ឲ្យច្បាស់ថា បំណែកដ៏ធំនេះនឹងត្រូវធ្លាក់ឲ្យខាងតែបាននៅលើផ្ទៃសមុទ្រ៕
#Cambodia
#AngkorWat
0 comments