Credit: Cambo Space
(អាមេរិក)៖ ទីបំផុតកិច្ចប្រឹងប្រែងក្នុងការព្យាបាល «ចំណុចធ្លុះធ្លាយនៃស្រទាប់អូហ្សូន» របស់ភពផែនដីយើង នៅលើទ្វីបអង់តាកទិក ទំនងជាទទួលបានជោគជ័យ បើយោងតាមលទ្ធផលនៃការសិក្សាថ្មីមួយ ដែលបានសង្កេតដោយផ្ទាល់ទៅលើសាធារតុគីមី ដែលបំផ្លាញស្រទាប់អូហ្សូន នៅក្នុងបរិយាកាស។ នេះបើតាមការចេញផ្សាយដោយ វែបសាយអវកាស Space.com នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។
បើតាមអង្គការ NASA ស្រទាប់អូហ្សូនមានតួនាទីការពារផ្ទៃផែនដី ពីកាំរស្មី UV ដ៏គ្រោះថ្នាក់របស់ព្រះអាទិត្យ ដែលអាចបង្កជារោគមហារីក និងជំងឺភ្នែកផ្សេងៗ នៅក្នុងខ្លួនមនុស្សយើងបាន និងអាចបំផ្លាញជីវិតរុក្ខជាតិថែមទៀតផង។ កាលពីពាក់កណ្តាលទសវត្សរ៍ទី ៨០ ក្រុមអ្នកស្រាវជ្រាវបានរកឃើញប្រហោងដ៏ធំមួយ ក្នុងស្រឡាប់អូហ្សូន ដែលស្ថិតនៅលើទ្វីបអង់តាកទិក ហើយបានសន្មត់ថា វាបានបង្កឡើងភាគច្រើនដោយសារធាតុគីមីផលិតដោយមនុស្ស ដែលគេនិយមហៅថា CFCs។
ការសង្កេតតាមរយៈផ្កាយរណបនាពេលកន្លងមក បានតាមដានមើលការប្រែប្រួលនៃទំហំរបស់ប្រហោងអូហ្សូននោះ និងបានកត់សម្គាល់ថា វាអាចរីក និងរួមមាឌបានពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មីខាងលើ គឺជាការសិក្សាដំបូងបំផុត ដែលធ្វើការវាយតម្លៃដោយផ្ទាល់ ទៅលើកម្រិតផ្លាស់ប្តូរនៃក្លូរីន (Chlorine) ជាសមាសធាតុផ្សំចម្បងនៃ CFC ដែលនៅពីក្រោយការបាត់បង់ស្រទាប់អូហ្សូន នៅក្នុងបរិយាកាសលើទ្វីបអង់តាកទិក។
គួរជម្រាបថា ការសិក្សាខាងលើ បានបង្ហាញឲ្យឃើញពីការថយចុះ២០ភាគរយ នៃកម្រិតបំផ្លិចបំផ្លាញស្រទាប់អូហ្សូន ដោយសារតែការថយចុះនៃវត្តមានរបស់ក្លរីន នៅលើទ្វីបអង់តាកទិក កាលពីចន្លោះឆ្នាំ២០០៥និងឆ្នាំ២០១៦។
ដើម្បីការពារស្រទាប់អូហ្សូនរបស់យើង គឺមានវិធីច្រើនដែលមនុស្សត្រូវអនុវត្តន៍ដូចជា ការបញ្ឈប់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការរក្សាការពារគំរបព្រៃឈើនៅលើភពផែនដី។ ការធ្វើបែបនេះបាន គឺមនុស្សអាចនឹងរក្សាលំនឹងនៃបរិយាកាសផែនដី ហើយឈានទៅរកការព្យាបាលស្រទាប់អូហ្សូននៅតំបន់ណាមួយ ដែលមានការធ្លុះធ្លាយ៕
#Cambodia
#AngkorWat
0 comments