Credit: Cambo Space
(អាមេរិក)៖ នៅយប់ថ្ងៃទី៣១ ខែមករា ពោលគឺថ្ងៃពុធសប្តាហ៍នេះ បាតុភូតតារាសាស្រ្តដ៏សែនអស្ចារ្យហើយកម្រមួយ នឹងលេចឡើងជាលើកដំបូង នៅក្នុងអំឡុងពេលប្រមាណ ១៥០ឆ្នាំ កន្លងទៅនេះ ដោយសារតែវាមានផ្ទុកនូវព្រឹត្តិការណ៍ ទាក់ទិននឹងព្រះច័ន្ទដល់ទៅ ០៣តំណាក់កាលខុសៗគ្នា ដែលកើតមានឡើងក្នុងពេលតែមួយតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
នៅខានស្អែកនេះ ព្រះច័ន្ទរបស់យើង នឹងក្លាយជាព្រះច័ន្ទយក្ស ដែលគេហៅថា Super Moon ពីព្រោះវានឹងស្ថិតនៅចំណុចកៀកនឹងផែនដីបំផុត នៃគន្លងរបស់វា ដែលមានន័យថាព្រះច័ន្ទ នឹងលេចឡើងធំជាងធម្មតា ០៧ភាគរយ និងភ្លឺជាងធម្មតា ១៤ភាគរយ។ ម៉្យាងវិញទៀត នៅថ្ងៃដដែលនេះ វាក៏នឹងក្លាយជាព្រះច័ន្ទខៀវ ដែលគេហៅថា Blue Moon ផងដែរ (គ្រាន់ជាឈ្មោះប៉ុណ្ណោះ ព្រះច័ន្ទនឹងពុំលេចចេញពណ៌ខៀវឡើយ) ដោយសារវានឹងជាព្រឹត្តិការណ៍ព្រះច័ន្ទពេញវង់លើកទីពីរ នៅក្នុងខែមករានេះ។
មិនទាន់អស់នោះឡើយ លោកខែ ដែលពួកយើងភាគច្រើន នឹងមើលឃើញនាថ្ងៃពុធសប្តាហ៍នេះ ក៏នឹងមានពណ៌ក្រហម ដែលគេហៅថា Blood Moon ផងដែរ ដោយសារតែព្រឹត្តិការណ៍ច័ន្ទគ្រាសដ៏កម្រមួយ ដែលនឹងជះស្រមោលក្រហមដូចលោហិត ទៅលើផ្ទៃរបស់ព្រះច័ន្ទ។
គួរជម្រាបថា អ្នកដែលស្ថិតនៅភាគខាងលិចប្រទេសកាណាដា ព្រមទាំងរដ្ឋកាលីហ្វញ៉ា រដ្ឋអាឡាស្កា និងរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសអូស្រ្តាលី ហើយនិងតំបន់អាស៊ីខាងកើត នឹងអាចមើលឃើញព្រឹត្តិការណ៍ដ៏កម្រនេះ ប្រសិនបើលក្ខខណ្ឌអាកាសធាតុ អំណោយផលនាពេលនោះ។ ដោយឡែកនៅតាមតំបន់ដទៃទៀត ដូចជាកម្ពុជាជាដើម ក៏អាចមើលឃើញដែរ ប្រសិនបើអាកាសធាតុអំណោយផលនាល្ងាច ឬព្រលប់ថ្ងៃពុធ នៅពេលដែលព្រះខែទើបរះ នាយប់ថ្ងៃ១៥ កើត ចំថ្ងៃមាឃបូជាតែម្តង។
បើមើលតាមកាលវិភាគ ដែលអ្នកវិទ្យាសាស្ត្របានរៀបចំឡើង នោះគឺប្រទេសកម្ពុជាអាចមើលឃើញ Blood Moon ពេញលេញនៅភាគឦសានដូចជាខេត្ត មណ្ឌលគិរី និងរតនៈគិរីជាដើម។ ដោយឡែកសម្រាប់បណ្តាខេត្តផ្សេងទៀត ក៏អាចមើលឃើញផងដែរ តែមិនសូវជាពេញលេញនោះឡើយ ហើយវាប្រាកដណាស់ថា ទាល់តែមេឃស្រឡះស្អាត ទើបយើងអាចមើលបាតុភូតដ៏កម្រ ដែល ១៥០ឆ្នាំ មកហើយទើបមានម្តងទៀតនេះ
0 comments