(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺមហារីក និងសម្ភពដ៏ថ្មីសន្លាងមួយទៀតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានគូសបញ្ជាក់ប្រាប់ឲ្យដឹងថា «អគារតេជោសន្តិភាព» មានលក្ខណៈពិសេសដោយស្ថាបត្យករជាតិ និងអ្នកជំនាញការអន្តរជាតិ ធ្វើឲ្យមានការបែងចែកចេញជាពីរផ្នែកដាច់ពីគ្នា ដោយរក្សាបាននូវ សុវត្ថិភាពខ្ពស់រវាងមជ្ឍមណ្ឌលជាតិជំងឺមហារីក និងសម្ភព ដែលសាងសង់ឡើងអំពីបេតុងអាម៉េមានទទឹង ៤០,៥០ម៉ែត្រ បណ្តោយ ៤៨,៦០ម៉ែត្រ មានកម្ពស់ ៩ជាន់។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ព្រោះត្រឹមរយៈពេលតែ ១០ថ្ងៃប៉ុណ្ណោះ អគារមន្ទីរពេទ្យចំនួនពីរត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៨នេះ ដែលជាសមិទ្ធ ចូលរួមគាំពារយ៉ាងសំខាន់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សមិទ្ធផលនេះបង្ហាញឃើញពីការរីកចម្រើនលើវិស័យសុខាភិបាលរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចផ្ទាល់ជាអ្នកផ្តើមបង្កើតឡើងវិញនូវមន្ទីរពេទ្យកាល់ម៉ែត តាមរយៈនយោបាយយកមន្ទីរពេទ្យចិញ្ចឹមមន្ទីរពេទ្យតាំងពីទសវត្សរ៍ឆ្នាំ៩០មក។
* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា សម្តេចក៏ធ្លាប់មកចូលវះកាត់ជំងឺពោះវៀនដុះខ្នែងនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ កាលពីឆ្នាំ១៩៩៣ ពោលគឺតែ៤ថ្ងៃមុនពេលបោះឆ្នោតអាណត្តិទី១។ សម្តេចតេជោបន្តថ្លែងថា ពេលនោះ ក៏មានអ្នកផ្សព្វផ្សាយថា សម្តេចបានទទួលមរណភាពផងដែរ ជាហេតុបង្ខំឲ្យសម្តេចត្រូវចេញបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ដើម្បីបន្សាបដំណឹងអកុសលនេះ។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងឲ្យដឹងផងដែរថា កូនៗរបស់សម្តេចទាំងអស់ លើកលែងតែលោក ហ៊ុន ម៉ាណែត គឺសុទ្ធសម្រាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត រួមទាំងចៅៗផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា មន្ទីរពេទ្យកាល់ម៉ែត បានចាប់ផ្តើមជាមួយស្ថានភាពលំបាកយ៉ាងខ្លាំង តែជាបន្តិចម្តងៗមន្ទីរពេទ្យនេះបានអភិវឌ្ឍន៍ខ្លួន កាន់តែប្រសើរក្នុងការផ្តល់សេវាព្យាបាលសម្រាប់ប្រជាពលរដ្ឋ។
* ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចទទួលយកបានទេ ចំពោះការលើកឡើងថា គ្រូពេទ្យរហូតដល់ទៅ ៩០ភាគរយអាក្រក់ ហើយល្អតែ១០ភាគរយនោះ។ តែទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រុមគ្រូពេទ្យប្រឹងប្រែងកុំឲ្យដូចការលើកឡើងរបស់គេ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ប្រទេសកម្ពុជាប្រៀបដូចជាឋាននរក គួរឲ្យភ័យខ្លាចបើតាមការលើកឡើងរបស់ជននៅក្រៅប្រទេសមួយចំនួន តែកម្ពុជាពិតកំពុងសម្រេចបានសមិទ្ធផលជាច្រើន និងធ្វើឲ្យប្រជាពលរដ្ឋមានភាពកាន់តែប្រសើរ។
* សម្តេចតេជោ ក៏បានរំលឹកផងដែរថា នៅថ្ងៃទី១៤ ខែមករា ម្សិលមិញ គឺសម្តេចបានកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៣៣ឆ្នាំហើយ។ សម្តេចតេជោថា រយៈពេល ៣៣ឆ្នាំនេះ គឺបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងក្នុងការដឹកនាំប្រទេស ដោយដៃម្ខាងប្រឹងប្រែងអភិវឌ្ឍន៍ និងដៃម្ខាងត្រូវទប់ទល់ការប៉ុនប៉ងវិលត្រឡប់មកវិញរបស់របប ប៉ុលពត។ សម្តេចតេជោ បន្តថា កម្ពុជាត្រូវបានគេហ៊ុព័ទ្ធសេដ្ឋកិច្ច ខណៈដែលអង្គការសហប្រជាជាតិទទួលកៅអីរបបប៉ុលពត ដែលជាអ្នកកាប់សម្លាប់ពលរដ្ឋខ្មែរ។ តែទោះជាយ៉ាងណាសម្តេចថា ប៉ុល ពត មិនបានឈ្នះមនុស្សដែលមិនខ្លាចស្លាប់នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៣៣ឆ្នាំមកនេះកម្ពុជា កំពុងតែមានស្ថានភាពល្អប្រសើរហើយ តែក៏ត្រូវបន្តខិតខំដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនទៀត រួមទាំងផ្នែកគាំពារសង្គមផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលមានសេវាសុខាភិបាលកាន់តែប្រសើរ ក៏នឹងក្លាយជាការផ្តល់ទំនុកចិត្តដល់អ្នកទេសចរ និងអ្នកវិនិយោគទុនមកកាន់ប្រទេសកម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមគ្រូពេទ្យនឹងប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បីប្រើប្រាស់ឧបករណ៍ដែលមានបច្ចេកវិទ្យាទំនើបៗ និងជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។
* សម្តេចប្រមុខបានរំលឹកក្រុមគ្រូពេទ្យថា ប្រសិនបើមានឧបករណ៍ល្អ តែគ្មានក្របសីលធម៌ ក៏នឹងមិនមានប្រសិទ្ធភាព ដូច្នេះស្មារតីយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺ ទើបជារឿងដែលត្រូវយកចិត្តទុកដាក់។ សម្តេចបានអំពាវនាវដល់ក្រុមគ្រូពេទ្យបង្កើនស្មារតីយកចិត្តទុកដាក់លើការព្យាបាល និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ដោយសម្តេចមិនចង់ឮពាក្យទិះដៀលថា គ្រូពេទ្យរហូតដល់ទៅ ៩០ភាគរយមិនល្អនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងសុខាភិបាលពិនិត្យឲ្យល្អិតល្អន់ចំពោះការបង្កើតគ្លីនិក និងបង្កើតកន្លែងលក់ឱសថ ព្រោះខ្លាចកន្លែងទាំងនោះបង្កជាបញ្ហាសម្រាប់ប្រជាពលរដ្ឋទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងទទួលរងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ ដើម្បីឆ្លើយតបការប្រែប្រួលអាកាសធាតុនេះ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រុមគ្រូពេទ្យមានការបង្កើនការស្រាវជ្រាវផងដែរក្នុងការព្យាបាលប្រជាពលរដ្ឋក្នុងពេលការប្រែប្រួលអាកាសធាតុនេះកើតមាននៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះក្រសួងកសិកម្ម និងក្រសួងសុខាភិបាល ដែលបានរួមគ្នាទប់ស្កាត់បានទាន់ពេលវេលាចំពោះជំងឺផ្តាយសាយបក្សី H5N1 ដែលបានកើតមាននៅសង្កាត់ភ្នំពេញថ្មី។
* សម្តេចតេជោ ហ៊ុន សែន ចង់បបួលក្រុមអ្នកវិភាគទាំងនោះ មកលេងវាយកូនហ្គោលជាមួយសម្តេចផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីបន្តថា កុំបារម្ភពីសុខភាពរបស់សម្តេច ខណៈដែលពេលបច្ចុប្បន្នសម្តេចអាចដើរលើម៉ាស៊ីក្នុងកម្រិត ១២អង្សារហូតដល់ទៅ ២ម៉ោង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុគ្រោះឲ្យសិស្សគ្រប់និទ្ទេសអាចចូលប្រឡងជាគ្រូពេទ្យអាចធ្វើបាន តែមិនអាចបន្ធូបន្ថយវិញ្ញាសារបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុគ្រោះឲ្យសិស្សគ្រប់និទ្ទេសអាចចូលប្រឡងជាគ្រូពេទ្យអាចធ្វើបាន តែមិនអាចបន្ធូបន្ថយវិញ្ញាសារបាននោះឡើយ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា គោលនយោបាយរបស់សម្តេច គឺសម្តេចចូលរួមក្រុមអង្គការអន្តរជាតិទាំងអស់។
* សម្តេចតេជោ បានថ្លែងថា ឆ្នាំថ្មីត្រូវធ្វើឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើនលូតលាស់ សន្តិសុខសណ្តាប់ធ្នាប់ត្រូវរក្សាឲ្យបាន ហើយដំណើរការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ត្រូវតែធ្វើឲ្យបាន។ សម្តេចនាយករដ្ឋមន្ត្រីថា ឆ្នាំ២០១៨ ត្រូវតែជាឆ្នាំដែលអភិវឌ្ឍន៍ល្អប្រសើរ ព្រោះជាឆ្នាំចុងក្រោយនៃនីតិកាលទី៥។
* ជាមួយការប្តេជ្ញាកាត់តំណែងយ៉ាងតិច ១០ឆ្នាំបន្តទៀតនោះ សម្តេចតេជោ បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា មិនបានកំណត់អាណត្តិនាយករដ្ឋមន្ត្រីទេ ហើយប្រទេសលើពិភពលោកនេះ ក៏មិនមានកំណត់អាណត្តិនាយករដ្ឋមន្ត្រីផងដែរ។ តំណែងនាយករដ្ឋមន្ត្រី គឺត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា។
* សម្តេចនាយករដ្ឋមន្ត្រីថា សម្តេចបានធ្វើជានាយករដ្ឋមន្ត្រី ៣៣ឆ្នាំមកហើយ បើថែម១០ឆ្នាំទៀត ក៏មិនទាន់ចាស់ដែរ។ សម្តេចប្រមុខដឹកនាំកម្ពុជា បានថ្លែងថា សម្តេចចង់អមដំណើរចូល ទៅឲ្យកៀកពេលដែលប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលកម្រិតមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
0 comments