(ភ្នំពេញ) ៖ ខណៈដែលអតីតមន្រ្ដីរបស់អតីតគណៈបក្សសង្រ្គោះជាតិ ប្រកាសបង្កើតចលនាមួយឈ្មោះ «ចលនាសង្គ្រោះជាតិ»នៅក្រៅប្រទេស ដើម្បីបន្តសង្គ្រោះប្រទេសកម្ពុជា ដែលគេយល់ថាកំពុងវិលទៅរករបបផ្ដាច់ការនោះ, មន្រ្ដីគណបក្សកាន់អំណាចបានចាត់ទុកសកម្មភាពនេះ ជាសកម្មភាពឧទ្ទាម ដែលប្រព្រឹត្តបទល្មើសច្បាប់ យ៉ាងធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។
លោក សុខ ឥសាន មន្រ្ដីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា “…សកម្មភាពនយោបាយណាដែលចេញពីអតីតគណបក្សប្រឆាំង សុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់…អង្គការចាត់តាំង ដែលបង្កើតនាពេលនេះគឺគ្រាន់តែមានលក្ខណៈជាក្រុមឧទ្ទាមទេ មិនត្រូវច្បាប់ទេ…”។
លោក សុខ ឥសាន ជឿជាក់ថា ចលនានោះមានតែនៅក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែមិនជះឥទ្ធិពលអ្វីដល់កម្ពុជាទេ។ លោកថ្លែងថា“…អត់មាន ជះឥទ្ធិពល អ្វីអាក្រក់ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល នៅក្នុងក្របខណ្ឌនៃព្រះរាជាណាចក្រកម្ពុជាគ្រាន់តែវាមានចិត្តសាស្រ្តបន្តិចបន្តួច តាមរយៈការឃោសនា មកលើប្រជាពលរដ្ឋ…”។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក្រុមអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបានចេញសេចក្តីថ្លែងការណ៍បង្កើតចលនាមួយឈ្មោះ «ចលនាសង្គ្រោះជាតិ» ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ទាមទារឲ្យមានការដោះលែង លោ កកឹម សុខា និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ ចលនានេះដឹកនាំដោយ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ, លោកស្រី ជូឡុង សូមូរ៉ា ជាដើម៕
0 comments