រដ្ឋសភា នឹងកោះប្រជុំវិសាមញ្ញ ក្នុងអំឡុងពេលវិស្សមកាល ឬវ៉ាកង ចន្លោះពីពាក់កណ្តាលខែមករា រហូតដល់ខែមេសាខាងមុខនេះ ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ ដាក់ទោសលើអ្នកជេរប្រមាថព្រះមហាក្សត្រ។ នេះបើតាមការបញ្ជាក់របស់លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស និងព័ត៌មានរបស់រដ្ឋសភា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។
សេចក្តីព្រាងច្បាប់ថ្មី ដែលមានទាំងការធ្វើវិសោធនកម្ម កែរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធមួយចំនួន កំពុងត្រូវបានអន្តរក្រសួង ដឹកនាំដោយសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាក់តែង ចាប់តាំងពីចុងឆ្នាំ២០១៧ ហើយមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ សេចក្តីព្រាងច្បាប់ថ្មីនោះ មិនទាន់បញ្ជូនដល់រដ្ឋសភានៅឡើយទេ។
លោក ឈាង វុន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនទាន់បានព័ត៌មានអ្វីជាផ្លូវការ មកដល់រដ្ឋសភាទេ ព្រោះក្រុមការងារនៅក្រសួងពាក់ព័ន្ធ កំពុងតែធ្វើកិច្ចការហ្នឹង។ ក៏ប៉ុន្តែយើងដឹងថា នេះជាជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ដូចជាជំហររបស់រដ្ឋសភាកម្ពុជាដែរ។ អង្គព្រះមហាក្សត្រ យើងមិនអាចបន្ធូរបន្ថយឲ្យមនុស្សបំពានបាន ផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់យើងទេ»។
លោក ឈាង វុន បន្ថែមថា ដោយសារកម្ពុជាជាប្រទេសប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដូច្នេះគឺចាំបាច់ណាស់ក្នុងការការពារព្រះកិត្តិនាមព្រះមហាក្សត្រ ពោលគឺការពារព្រះរាជបល្ល័ង្គ៕
0 comments